(​ភ្នំពេញ)៖ ពិតជាមិនគួរឲ្យជឿមែន បទចម្រៀងរបស់តារាចម្រៀង តន់ច័ន្ទសីម៉ា ដែលក្មេងស្រុកស្រែធ្លាប់តែស្មូត យកលុយរៀន បច្ចុប្បន្ន​ជាតារាចម្រៀងវ័យក្មេងអាយុត្រឹមតែ ២១ឆ្នាំ។​ ពិតជាលឿនពេកហើយគិតត្រឹមដើមឆ្នាំ២០​២០នេះ មាន​អ្នក​ចូល​ទស្សនា​បទ​ចម្រៀង​នាង​រហូត​ដល់​ជាង ១០០លាន​ដង​ទៅ​ហើយ ដែល​មាន​អ្នកគាំទ្រខ្លាំងបំផុត ​មិនធ្លាប់មាននៅលើបណ្ដាញ Youtube ក្នុងរយៈពេលខ្លី នៅក្នុងប្រទេសកម្ពុជា។

ការ​ប៉ាន់​ប្រមាណ​នោះ ដោយ​ផ្នែក​លើ​ហេតុផល​មួយ​ចំនួន​ដូច​ជា ទី​១​សមត្ថភាព​របស់​នាង, ទី​២ ឱកាស និង​ទី​៣ គឺ​ការ​លើក​តម្កើង​របស់​ទ្រនំ​ដែល​នាង​ជ្រក។ ផ្អែក​លើ​កត្តា​ទាំង​នោះ ជាក់ស្ដែង​បច្ចុប្បន្ន​នាង​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​ជា​តារា​ចម្រៀង​អាជីព ដ៏​មាន​ទេពកោសល្យ​ម្នាក់ ដោយ​សារ​តែ​បទ​ចម្រៀង​របស់​នាង​ស្ទើរ​ទាំង​អស់ ទទួល​បាន​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​តាំង​ពី​ក្នុង​ស្រុក រហូត​ដល់​អន្តរជាតិ​​។

បទ​របស់​នាង​មាន​ច្រើន​ នៅ​ក្នុង​ផលិតកម្ម Galaxy ប៉ុន្តែ​នៅ​ពេល​នេះ សូម​លើក​យក​បទ​ចម្រៀង​របស់​នាង​តែ​១០​បទ​ប៉ុណ្ណោះ មក​បង្ហាញ​ជូន ដោយ​ក្នុង​នោះ ​បទ​នីមួយ​មាន​អ្នក​ចូល​ទស្សនា​ច្រើន​លាន​ដង​ឯណោះ។ បទ​ទាំង​នោះ​មាន​ដូច​ជា៖

ទី១ បទ «គេ​​នោះ​ជា​ស្រី​កាប់​ដាវ» មាន​អ្នក​ចូល​ទស្សនា​ជាង​១២​លាន​ដង។
ទី២ បទ «យល់ច្រឡំថាគេស្រឡាញ់យើង» មាន​អ្នក​ចូល​ទស្សនា​ជាង​១១លាន​ដង។
ទី៣ បទ «ឡានសារ៉ែន» មាន​អ្នក​ចូល​ទស្សនា​ជាង​២៥ លាន​ដង។
ទី៤ បទ «ក្រមុំឥសានក៏លាបឡេ» មាន​អ្នក​ចូល​ទស្សនា​ជាង ៥ លាន​ដង។
ទី៥ បទ «ដណ្ដឹង​អូន​ទៅ» មាន​អ្នក​ចូល​ទស្សនា​ជិត​១០​លាន​ដង។
ទី៦ បទ «បើមិនស្មោះស្រឡាញ់គ្នារកងាប់អី» មាន​អ្នក​ចូល​ទស្សនា​ជិត​៥លាន​ដង។
ទី៧ បទ «កាក​សង្សារ» មាន​អ្នក​ចូល​ទស្សនា​ជិត​៥លាន​ដង។
ទី៨ បទ «ជំងឺដាច់លុយ» មាន​អ្នក​ចូល​ទស្សនា​ជិត១០លាន​ដង។
ទី៩ បទ «មិត្តប្រុសចេះ marketing» មាន​អ្នក​ចូល​ទស្សនា​ជិត៣លាន​ដង។
ទី១០ បទ «ស្រីគ្នាយើង» មាន​អ្នក​ចូល​ទស្សនា​ជិត​៣លាន​ដង។

ចំនួន​ដង នៃ​ការ​ចូល​ទស្សនា​បទ​ចម្រៀង​ខាង​លើ​របស់ សីម៉ា គឺ​រាប់​​តែ​អ្នក​ចូល​ទស្សនា​ដោយ​ផ្ទាល់​ Youtube របស់​ Galaxy Navatra ប៉ុណ្ណោះ ដោយ​មិន​រាប់​បញ្ចូល បណ្ដា Youtube Channel និង Facebook ផ្សេង​ទៀត​ដែល​យក​ទៅ​បង្ហោះបន្ត នោះ​ឡើយ។

ការ​កើន​ឡើង​ប្រជាប្រិយភាព​រយៈ​ពេល​ខ្លី​នេះ តន់ ចន្ទ​សីម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​តារា​ចម្រៀង​ជួរមុខ ដោយ​មិន​ដឹង​ខ្លួន។ បែប​នេះ ក៏​មាន​ដំណឹង​ល្ហិចល្ហៀង​ថា តម្លៃ​ខ្លួន​នាង​សម្រាប់​ការ​ចេញ​ច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ​នោះ ក៏​ត្រូវ​បាន​កំណត់​ជា​ថ្មី​​ ដោយ​ផលិតកម្ម​របស់​នាង​ដែរ ពោល​គឺ​ស្ថិត​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​មុន យ៉ាង​ណា​តួលេខ​នេះ មិន​ទាន់​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយនោះទេ៕