(ភ្នំពេញ)៖ អតីតកីឡាករអង្គការផ្កាយសមុទ្របានរៀបរាប់ថា «កាលនៅក្លិប Western សម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ ទោះបី Western ប៉ះក្លិបមានកីឡាករបរទេសខ្លាំងខ្សោយម៉េចក៏ដោយ ខ្ញុំធម្មតា ខ្ញុំអត់មានភាពភ័យខ្លាចអីទេ ខ្ញុំមានទំនុកចិត្តលើខ្លួនឯងខ្លាំង»

សម្រាប់រដូវឆ្នាំ២០១៧ និងឆ្នាំ២០១៨ កីឡាករវ័យក្មេង ចាស់ សុភា បានបង្ហាញខ្លួនគ្រប់ការប្រកួតទាំងអស់ឱ្យ Western Phnom Penh ក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា ដែលជាហេតុធ្វើឱ្យសមត្ថភាពរបស់គេមានការវិវឌ្ឍលឿន រហូតធ្វើតេស្តជាប់លេងឱ្យឈុតធំណាហ្គាវើលដ៍រហូតដល់បច្ចុប្បន្ន។ ចំពោះផ្លែផ្កានេះសុភាថា មិនភ្លេចគុណក្លិបមួយនេះឡើយ ជាពិសេសគ្រូបង្គោលម៉ាឡេស៊ី Abdul Razak និងក្រុមការងារទាំងអស់។

អ្វីដែលសំខាន់ផងនោះ ចាន់ សុភា បានជាប់ជម្រើស ១១នាក់ដំបូងឱ្យ Western រហូត ចាប់តាំងពីរូបគេត្រូវបានគ្រូប្ដូរចូល ក្នុងការប្រកួតដំបូងនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៧-១៨។ ប៉ុន្តែក្រោយក្លិបប្រកាសផ្អាកសកម្មភាព ក្រោយចប់រដូវកាលមក រូបគេក៏បានធ្វើតេស្តជាប់លេងឱ្យឈុតធំណាហ្គានៅឆ្នាំ២០១៩ រហូតដល់សព្វថ្ងៃ។

គួរដឹងដែរថា អតីតយុវជន U17 ក្លិបបឹងកេតបានឱ្យដឹងទៀតថា បើកីឡាករមានបទពិសោធន៍ច្រើនលើទីលាន ពួកគេនឹងមានការអភិវឌ្ឍន៍កាន់តែលឿន និងភាពទំនុកចិត្តខ្ពស់។

នៅណាហ្គា ចាន់ សុភា លេងតំណែងខ្សែបម្រើការពារ ហើយបានបង្ហាញខ្លួន៥ប្រកួត ពោលគឺពានរង្វាន់សម្ដេច ហ៊ុន សែន ២លើក និងលីគ ៣លើក ខណៈ៥សប្ដាហ៍រដូវកាលឆ្នាំ២០១៩-២០ នេះ គេនៅមិនទាន់បានបង្ហាញខ្លួននៅឡើយទេ។

យ៉ាងណាក៏ដោយ សុភា មិនអស់សង្ឃឹមឡើយ ហើយថែមទាំងលើកឡើងថា នឹងខិតខំប្រឹងប្រែង ដើម្បីសម្រួចសមត្ថភាព ប្រជែងយកជម្រើស ១១នាក់ដំបូង បើទោះណាហ្គាវើលដ៍មានកីឡាករខ្មែរ-បរទេសល្អៗ ពោរពេញដោយបទពិសោធន៍លើទីលានជោគជាំយ៉ាងណាក្ដី៕