(អាំស្ទើដាំ)៖ សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសហូឡង់ KNVB បានប្រកាសពីការរំសាយលីគកំពូល Eredivisie រដូវកាលឆ្នា២០១៩-២០២០ ក្នុងខណៈនៅសល់ ៩ប្រកួតទៀតបញ្ចប់ ដោយសារតែរដ្ឋាភិបាលនៃប្រទេសនៅតំបន់អឹរ៉ុបមួយនេះ បានដាក់បម្រាមជួបជុំដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។

ហូឡង់បាន ដើរតាមប៊ែលហ្សិក ដែលសម្រេចលុបចោលការប្រកួតដែលនៅសល់ ដើម្បីបង្ការឆ្លងក៏ដូចជារីករាលដាលនៃ COVID-19 ដោយប៊ែលហ្សិកនៅសល់ ១ប្រកួតប៉ុណ្ណោះ។

ការប្រកាសរំសាយលីគនេះដែរ គឺគ្មានក្រុមជើងឯក និងក្រុមដែលត្រូវកាត់ចេញនោះទេ ហើយក៏គ្មានការប្រកួតជម្រុះទៀតដែរ បើទោះបីជា Ajax បានកំពុងឈរនៅកំពូលតារាង ក្នុងនាមជាក្រុមការពារជើងឯក និង AZ Alkmaar ឈរលេខ២ ដោយមាន ៥៦ពិន្ទុស្មើគ្នា តែចាញ់គ្រាប់ស៊ុត Ajax។

ដូចគ្នានោះដែរ រូបមន្តដើម្បីបានកៅអីលេងនៅពានរង្វាន់អឺរ៉ុប Champions League និង Euroap League សម្រាប់រដូវកាលក្រោយ ត្រូវអនុវត្តន៍តាមរូបមន្តរបស់ UEFA ដដែល៕