(ភ្នំពេញ)៖ ទូរទស្សន៍កម្ពុជា CSTV (Cambodia Sports Television) បានបង្កើតឡើងហើយ ដែលគ្រប់គ្រងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ហើយទូរទស្សន៍ផ្ដោតលើឯកទេសកីឡានេះ គ្រោងនឹងដំណើរការផ្សព្វផ្សាយលក្ខណៈអនឡាញនាចុងឆ្នាំ២០២០។ នេះបើតាមការបង្ហើបរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ទូរទស្សន៍កីឡាកម្ពុជា បង្កើតឡើងលើទិសដៅសំខាន់ៗពីរ ទី១-ការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវមានទូរទស្សន៍ឯកទេសកីឡាមួយ និងទី២- CSTV នឹងក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយកីឡាគ្រប់ប្រភេទ។ ប៉ុន្ដែមុនបើកដំណើរការ ថ្នាក់ដឹកនាំនឹងមានរៀបចំវគ្គបណ្ដុះបណ្ដាល ក្នុងកម្រិតឯកទេសកីឡា ដែលត្រូវមានលក្ខណៈពិសេស សម្រាប់វិស័យកីឡា។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបន្ដថា «នៅចុងឆ្នាំ២០២០ ទូរទស្សន៍នេះ នឹងអាចដំណើរការផ្សព្វផ្សាយ​ជាលក្ខណៈអនឡានជាបណ្តើរៗសិន។ ដូច្នេះការរៀបចំទាំងនេះ គឺផ្តោតសំខាន់លើកម្រិតឯកទេសកីឡាតែម្តង ដោយទទួលបាន​ការបណ្តុះបណ្តាលពីក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ»។ លោកបន្ថែមថា អ្វីដែលសំខាន់ ត្រូវគោរពឲ្យបាននូវស្ដង់ដារស៊ីហ្គេម ដើម្បីជំរុញការផលិត និងផ្សព្វផ្សាយ ដែលទទួលស្គាល់លក្ខណៈអន្ដរជាតិ ពិសេសផ្នែកគុណភាពរូបភាពតែម្ដង។

យ៉ាងណាមិញ ជុំវិញការបង្កើតទូរទស្សន៍កីឡាកម្ពុជាលើកដំបូងនេះ NOCC បានសហការជាមួយក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ ដែលជាអ្នកជំនាញទូរទស្សន៍កីឡានៅកូរ៉េ ដើម្បីបង្ហាញផ្លូវ ដូចជាការបណ្ដុះបណ្ដាលមន្ដ្រី បុគ្គលិក អ្នកជំនាញបច្ចេកទេស ដល់កម្ពុជាសិន បន្ទាប់មកសល់ ៥០% ទើបកម្ពុជា រៀបចំ និងធ្វើការងារដោយខ្លួនឯង។ នេះបើតាមការបន្ថែមរបស់លោក វ៉ាត់ ចំរើន៕