(រ៉ូម)៖ បណ្តាក្លិបបាល់ទាត់ទាំងឡាយដែលលេងនៅក្របខណ្ឌលីគកំពូល Serie A នឹងចាប់ផ្តើមចេញហ្វឹកហាត់វិញ នៅថ្ងៃទី០៤ ខែឧសភា សប្តាហ៍ក្រោយនេះ បន្ទាប់ពីប្រទេសអ៊ីតាលីមានភាពធូរស្បើយពីជំងឺ COVID-19 ច្រើនហើយនោះ។

តែយ៉ាងណា ការហ្វឹកហាត់នេះដែរ គឺស្ថិតនៅដាច់ដោយឡែកពីគ្នាដដែល និងរង់ចាំដល់ថ្ងៃទី១៨ ខែដដែល ទើបអាចហ្វឹកហាត់ជុំគ្នាបានវិញដូចធម្មតា គ្រាដែលការប្រកួតផ្លូវការអាចនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឬថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់រដូវកាលនេះជាស្ថាពរនៅខែសីហា។

តែយ៉ាងណា ការប្រកួតបើក ឬបិទទ្វារនោះ ប្រភពព័ត៌មានពី BBC មិនបានបញ្ជាក់ឲ្យដឹងនោះទេនៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ នេះ។

គួរបញ្ជាក់ផងថា លីគកំពូលនៃប្រទេសអ៊ីតាលី Serie A រដូវកាលឆ្នាំ២០១៩-២០២០ នេះ ត្រូវបានពន្យាពេលបណ្តោះអាសន្នចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅក្រោយពេល COVID-19 មានការផ្ទុះខ្លាំង នៅប្រទេសស្ថិតនៅតំបន់អឺរ៉ុបមួយ និងមានកីឡាករឆ្លងច្រើនជាងគេផងដែរ៕