(ម៉ាឌ្រីដ)៖ លោក Florentino Perez បានបង្ហើបពីគម្រោងធំៗ២ ដែលលោកត្រៀមធ្វើឲ្យបាននៅឆ្នាំ២០២២ ខាងមុខ ក្នុងការគម្រប់ខួច ២០ឆ្នាំដែលរូបលោកកាន់តំណែងជាប្រធាននៃក្លិបយក្សនៅប្រទេសអេស្ប៉ាញមួយនេះ។

បុរសជនជាតិអេស្ប៉ាញខាងលើនេះបានថ្លែងប្រាប់ Marca ថា រូបលោកត្រៀមធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលម្តងទៀត តាមរយៈនាំចូលកីឡាករវ័យក្មេងល្បីៗមកលេងជុំគ្នាក្នុងក្លិប Real Madrid តែមួយដូចកាលកីឡាករ Luis Figo, Zinedine Zidane, Ronaldo និង David Beckham ក្រោយមកទៀតការជុំគ្នារវាងកីឡាករល្បីល្បាញ Cristiano Ronaldo, Kaka, Karim Benzema និង Xabi Alonso ផងនោះ។

លោក Perez បានដាក់គោលដៅទិញ កីឡាករខ្សែប្រយុទ្ធ Kylian Mbappe ពីក្លិបបារាំង Paris Saint-Germain ឲ្យបាននៅឆ្នាំ២០២២ ស្របពេលកិច្ចសន្យាចាស់របស់កីឡាករវ័យ ២១ឆ្នាំនៅ Parc des Princes នឹងផុតកំណត់ឆ្នាំនោះដែរ បន្ថែមលើការទិញ Erling Haaland ដែលកំពុងលេងឲ្យក្លិបអាល្លឹម៉ង់ Borussia Dortmund ដើម្បីបានមកលេងជុំគ្នាជាមួយកីឡាករដែលមានស្រាប់ Vinicius។

រឿងទី២ ទៀតនោះ លោក Perez ក៏មានគម្រោងអភិវឌ្ឍន៍កីឡដ្ឋាន Santiago Bernabeu ដែលផ្ទុកអ្នកទស្សនាផ្ទាល់ បានជិត ១០ម៉ឹននាក់ឲ្យក្លាយជាកីឡដ្ឋានដែលទំនើបជាងគេផងដែរដែលស្ថិតនៅទីក្រុងធំ Madrid នៃប្រទេសអេស្ប៉ាញ៕