(បរទេស)៖ តារាជនជាតិស្បែកខ្មៅនាង Cierra Nichols ដែលជាអ្នករាំម្នាក់ បានធ្វើការសូមទោសជាផ្លូវការ ទៅកាន់ Lisa សមាជិកក្រុម BLACKPINK, ផលិតកម្ម YG និង អ្នកគ្រប់គ្នាទាំងអស់ ដែលរងផលប៉ះពាល់ដោយសារការចោទប្រកាន់ថា Lisa បានលួចចម្លងក្បាច់រាំរបស់នាង។

ជាការពិតណាស់ កាលពីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២០ Lisa បានបញ្ចេញក្បាច់រាំថ្មី នៅក្នុង Channel YouTube ផ្លូវការរបស់នាង ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ពីបណ្តាអ្នកគាំទ្រ។ ស្របពេលដែលក្បាច់រាំរបស់ Lisa កាន់តែទទួលបានការគាំទ្រ ស្រាប់តែ Cierra Nichols បានបង្ហោះសារលើ Instagram ថា Lisa បានលួចចម្លងក្បាច់រាំរបស់នាង។

Cierra Nichols បានសរសេរថា «នៅក្នុងថ្ងៃនេះ ភាគរាំមួយចំនួនរបស់ជនជាតិស្បែកខ្មៅ ត្រូវបានតារាចម្រៀងកូរ៉េលួចចម្លង ដោយទទួលអ្នកមើលដល់ទៅ 7.8លានដង»។ បន្ទាប់ពី Nichols បានបង្ហោះសារនេះភ្លាម មានអ្នកគាំទ្រ របស់ Lisa ជាច្រើនសម្តែងការប្រតិកម្ម ចំពោះការចោទប្រកាន់នេះ។ ដោយបានលើកឡើងថា ក្បាច់រាំ របស់ Nichols និង Lisa គ្មានចំនុចដែលដូចគ្នាទេ គ្រាន់តែមានផ្នែកខ្លះស្រដៀងតិចតួចប៉ុណ្ណោះ។

អ្នកគាំទ្របានបន្ថែមទៀតថា Lisa មិនមែនជាអ្នកបង្កើតក្បាច់រាំនេះទេ ហេតុអ្វី Lisa ត្រូវទទួលរងការចោទប្រកាន់បែបនេះ។ លើសពីនេះ អ្នកគាំទ្រជាច្រើនបានស្នើរឲ្យ Cierra Nichols ធ្វើការសូមទោស Lisa ផ្លូវការ ចំពោះកំហុសឆ្គងមួយនេះ។

គួរបញ្ជាក់ថា បន្ទាប់មានប្រតិកម្មពីបណ្តាអ្នកគាំទ្ររបស់ Lisa តាមបណ្តាញសង្គម, Nichols ក៏បានធ្វើការសូមអភ័យពី Lisa, ផលិតកម្ម YG និង អ្នកដទៃទៀតជាផ្លូវការ ដែលរងផលប៉ះពាល់ ដោយសារការចោទប្រកាន់នេះ។

Nichols បន្តថា នាងបានចំណាយពេល ប្រៀបធៀប ក្បាច់រាំនាង និង Lisa ដោយយកចិត្តទុកដាក់បំផុត ហើយបានសារភាពថា នាងចោទប្រកាន់ Lisa ដោយសារពេលនោះ នាងមានអារម្មណ៍មិនល្អ។ Nichols បន្ថែមថា នាងមិនចង់ប្រើលេសនេះ មកធ្វើជាដំណោះស្រាយទេ តែនាងនឹងទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកនៃស្ថានភាពនេះ។ ហើយនាងនឹងយករឿងរ៉ាវនេះ ជាបទពិសោធន៍ពិសេស និងមានការប្រុងប្រយ័ត្នខ្ពស់នាពេលក្រោយ៕