(ភ្នំពេញ)៖ ​​ផលិតកម្មក្លាស៊ិក កាលពីថ្ងៃទី២៦ ខែមេសា បាន​រៀបសកម្មភាពថតបទ «ឃាតករ Corona Virus Covid 19»​​ ដោយសិល្បកររបស់ផលិតកម្មមួយនេះ បានធ្វើសកម្មភាពចែកទឹកអាល់កុល និងជែលសម្លាប់មេរោគ និងបានយកមហាជនជាតួសម្ដែងពិតៗជាមួយខ្លួនតែម្ដង។ ក្រៅពីចែកទឹកជែល តារាចម្រៀង និង​តារាសម្ដែង ​ក៏បានបង្ហាញពីរបៀបលាងដៃដល់មហាជន​ ដែលទទួលជែលនៅទីសាធារណៈ នាពេលនោះ​ ដើម្បីជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បានអះអាងថា ដោយសារតែបទដែលបកស្រាយ ដោយតារាចម្រៀងក្លាស៊ិកនៅក្នុងបទនោះ និយាយពីផលប៉ះពាល់នៃវិរុសកូរ៉ូណា ទើបលោករៀបចំសហការ ជាមួយគ្រួសារតារាកម្ពុជា ហើយបានដឹកនាំក្រុមសិល្បករឲ្យដើរចែកជែល និងបង្រៀនពីរបៀបលាងដៃឲ្យត្រូវក្បួនខ្នាត ដើម្បីផ្ដិតយកទិដ្ឋភាពពិតៗ នៅក្នុងថ្ងៃនោះ ធ្វើជារូបភាពក្នុងបទចម្រៀងតែម្ដង។ បើទោះជាពេលបច្ចុប្បន្នស្ថានភាពកូវីត១៩នៅកម្ពុជា មានសភាពស្ងប់ស្ងាត់ តែលោកថាស្ថានភាពនៃការប្រយ័ត្នប្រយែង គឺមិនអាចនឹងធ្វេសប្រហែសបានទេ ទើបលោកយល់ថា ការពញ្ញាក់អារម្មណ៍មហាជន ឲ្យនៅតែប្រុងប្រយ័ត្ន គឺដាច់ខាតមិនត្រូវធ្វេសប្រហែស។

លោកក៏សម្ដែងអារម្មណ៍អរគុណ ដល់ក្រុមសិល្បករផងដែរ ដែលបានរួមគ្នាធ្វើសកម្មភាពសង្គម ដោយមិនមែនជាការសម្ដែងតែម្យ៉ាង ដើម្បីឲ្យ MV នៅក្នុងបទនេះរស់រវើក និងប្រកបអត្ថន័យ។

លោក បញ្ញា សិទ្ធ តារាចម្រៀង ក្លាស៊ិក និងជាតារាមួយដួងនៅក្នុងបទនេះ បានអះអាងថា ខ្លួនពិតជាអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានចូលរួមធ្វើសកម្មភាពសង្គម ស្របគ្នាដែលសកម្មភាពនោះ ក៏ជាការថតបទចម្រៀង ជាប្រភេទអប់រំផងដែរ។

គួរបញ្ជាក់ថា តារាចម្រៀងដែលបានចូលរួមបកស្រាយបទ «ឃាតករ Corona Virus Covid 19» នោះរួមមាន លោក បញ្ញា សិទ្ធិ, លោក រុន ណាកូ, លោក ឡុង សុខហៀង, កញ្ញា សម្រេច សន្យា, លោក ត្រា យ៉ាកូ, លោក រ័ត្ន បញ្ញារិទ្ធិ, លោក ស័ក្ត, លោក លី សុជន, លោក ណាតូ ជាដើម ខណៈដែលតារាដែលចូលរួមសម្ដែងរួមមាន អ្នកស្រី រីយ៉ាត្រាណេ អ្នកនាង សាណា កញ្ញាឆាងអឺ និង​ លោក ឃីម រតនៈ ដែលសុទ្ធតែជាសមាជិកគ្រួសារតារាកម្ពុជា។ ដោយឡែកសម្រាប់អំណោយជែលជាច្រើនរយដបនេះ គឺជាការប្រគល់ជូនពីលោក ឃីម រតនៈ ដើម្បីឲ្យគ្រួសារតារាកម្ពុជា ផ្ដល់ជូនដល់ក្រុមក្លាស៊ិកឲ្យធ្វើសប្បុរសធម៌ នៅក្នុងថ្ងៃនោះ៕