(ភ្នំពេញ)៖ តាំងពីចូលដឹកនាំក្រុមតំណាងសាកលវិទ្យាល័យខាងលើ លោក សុក វាសនា តែងតែរៀបចំការធ្វើតេស្ដរៀងរាល់ឆ្នាំ ដើម្បីជ្រើសរើសយុវជនចូលក្រុម។ យ៉ាងណា កីឡាករចាស់ៗនៅតែដើរតួសំខាន់ក្នុងការជួយជ្រោមជ្រែងរាល់ការប្រកួតនានា។

លោក សុក វាសនា គ្រូបង្គោលក្លិបអាស៊ីអឺរ៉ុប យូណាយធីត បានទម្លាយថា មូលហេតុដែលលោកប្រើប្រាស់កីឡាករចាស់ៗច្រើនក្នុងក្រុម ដោយសារតែកង្វះធនធាន។ តែអ្វីសំខាន់ម្យ៉ាងទៀតនោះ គឺកីឡាករវ័យក្មេងក្នុងក្រុមមិនទាន់មានបទពិសោធគ្រប់គ្រាន់ទេ។

គ្រូបង្គោលដដែលន្ថែមថា ជារឿងធម្មតាហើយដែលក្លិបបាល់ទាត់ត្រូវការកីឡាករសម្បូរបទពិសោធជួយជាស្នូល មិនថា ជាក្រុមមានលទ្ធភាពប៉ុនណាទេ ខណៈយុវជនត្រូវដាក់ក្នុងបរិបទសម្រួចសមត្ថភាព ដើម្បីឱកាសលេងទៀងទាត់។

អ្វីដែលសំខាន់ផងនោះ អតីតគ្រូបង្វឹកយុវជនព្រះខ័នរាជស្វាយរៀងពន្យល់ថា «រឿងខ្វះៗហើយ ទី១។ មួយទៀត យើងចង់ឲ្យកីឡាករចាស់ៗនៅជួយក្រុម ព្រោះកីឡាករក្មេងៗមួយចំនួនដែលយើងយកមកនៅមិនទាន់អាចជួយក្រុមបាន ព្រោះយើងយកមក១ឆ្នាំហើយ។ ពេលខ្លះយើងឲ្យលេងខ្លះដែរ តែមិនទាន់ទៅមុខ មិនទាន់ដល់កម្រិតដែលយើងចង់បាន។ ពេលខ្លះយើងប្រើកីឡាករចាស់ៗក៏ជួបបញ្ហាដែរ ជាពិសេសកម្លាំង ព្រោះភាគច្រើនគាត់មានការងារក្រៅទៀត អ៊ីចឹងពិបាកក្នុងការប្រមូលកម្លាំង»

សូមបញ្ជាក់ថា អាស៊ីអឺរ៉ុប យូណាយធីតមានកីឡាករចាស់ៗសម្បូរបទពិសោធច្រើន ដូចជាអ្នកចាំទី ពេជ្រ រ៉ូវិនយោធិន, ខ្សែការពារ ពិន សារ៉ែន, យ៉ម វណ្ណា, ប៊ិន ឧត្តម និងកីឡាករ ឈឹម សំបូរ ជាដើម ដែលម្នាក់ៗមានបទពិសោធមិនក្រោម១០ឆ្នាំឡើយ។ បន្ទាប់ពីក្រុមអាស៊ីអឺរ៉ុប ឆ្លងកាត់៥ប្រកួតនៃលីគកំពូលកម្ពុជា ឆ្នាំ២០២០នេះមក ក្នុងនោះធ្លាប់ឈ្នះ២ដង ស្មើ១ដង និងចាញ់២ដង ឈរនៅចំណាត់ថ្នាក់លេខ៨ និងមាន ៧ពិន្ទុ៕