(ភ្នំពេញ)៖ ចូលមកដល់ដើមឆ្នាំ២០២០នេះ ភ្លាម មហាជនបានកត់សម្គាល់ឃើញថា កវីនិពន្ធលោក យឹម តាស្រង់ បានបញ្ចេញស្នាដៃបទចម្រៀងជាច្រើនបទ ខណៈដែលបទថ្មីទាំងនោះ មានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ ស្របពេលក្នុងឱកាសចូលឆ្នាំថ្មីទើបកន្លងទៅថ្មីៗនេះ ក៏គេឮសូរបទចម្រៀងរបស់ផលិតកម្ម Galaxy ចាក់ស្ដាប់ស្ទើរគ្រប់ផ្ទះ។

លោក យឹម តាស្រង់ បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២០នេះ លោកពិតជាបានសម្រុកបញ្ចេញបទចម្រៀងច្រើន ជាងឆ្នាំកន្លងទៅ ហើយបទទាំងនោះ ក៏ទទួលបានការគាំទ្រខ្លាំង ជាពិសេសបទចម្រៀង ដែលលោកនិពន្ធឲ្យតារាចម្រៀង តន់ ច័ន្ទសីម៉ា។ ចំណែកបទដែលលោកនិពន្ធឲ្យ តារាចម្រៀង អ៊ុក សុវណ្ណារី , ធឿន បុរី និងពុធ មិថុនា ក៏កំពុងតែមានការគាំទ្រខ្លាំង មិនធម្មតាដែរ។

លោកបន្តថា ​បទចម្រៀងរបស់កញ្ញា តន់ ច័ន្ទសីម៉ា គឺមានអ្នកចូលស្ដាប់ និងទស្សនារាប់លានដង ដែលលោកគិតថា គឺមិនដែលមានទាល់តែសោះ តាំងពីលោកចេះនិពន្ធបទឲ្យតារាចម្រៀងច្រៀង នាពេលកន្លងមក។ លោកចាត់ទុកថា នេះជាជោគជយមួយ ដែលលោកចងចាំ ហើយក៏ជាកម្លាំងចិត្តមួយដ៏ធំធេង ធ្វើឲ្យលោកខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ មិនខ្លាចនឿយហត់ ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់អ្នកគាំទ្រ។

សូមបញ្ជាក់ថា បើតាមអ្វីដែលលោក យឹម តាស្រង់ ប្រាប់ គឺក្នុងរយៈពេល១ខែ លោកបញ្ចេញបទចម្រៀងជិត៣០បទឯណោះ ពោលគឺស្ទើរតែក្នុង១ថ្ងៃ លោកផលិតបាន១បទទៅហើយ នៅក្នុងផលិតកម្ម Galaxy Navatra។ ក្នុងនោះក៏មានបទខ្លះ ​និពន្ធដោយលោក ឡេង ណាវ៉ាត្រា បន្ទាប់ពីបានជម្រុញលើកទឹកចិត្ត​ដោយផ្ទាល់ ផងដែរ៕