(ក្រុងឡុងដ៍)៖ Olivier Giroud ស្ថិតក្នុងចំណោមកីឡាករ១ ដែលក្លិបតោខៀវ Chelsea ត្រៀមតកិច្ចសន្យាថ្មីបន្ត លើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នាខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

កីឡាករខ្សែប្រយុទ្ធដែលមានវ័យ ៣៣ឆ្នាំទៅហើយនោះ បានចូលរួមជាមួយ Chelsea នាឆ្នាំ២០១៨ ដោយសារស៊ីញ៉េកុងត្រារយៈពេល ១៨ខែជាមួយក្រុមដែលស្ថិតនៅទីក្រុង London ប្រទេសអង់គ្លេស។

កិច្ចសន្យាថ្មីពីសំណាក់ Chelsea អាចកើតមានឡើង នៅក្រោយពេលក្លិបបានឃើញពីទម្រង់លេងរបស់កីឡាករបារាំង Giroud ប្រសើរឡើង ដែលត្រូវបានដាក់ចូលជំនួសមិត្តរួមក្រុម Tammy Abraham ដែលមានបញ្ហារបួសកាលពីខែមករា ឆ្នាំ២០២០ មក ដោយស៊ុតបាន ២គ្រាប់ ពីការចូលលេងបាន ៤ប្រកួតក្នុងលីគ។

Giroud ត្រូវបានផ្សាភ្ជាប់ក្នុងការផ្លាស់ប្តូរទៅលេងឲ្យក្លិបអ៊ីតាលី Inter Milan ក្នុងនាមជាកីឡាករ១រូបដែលត្រូវបាន Chelsea ទិញពីកាំភ្លើងធំ Arsenal ក្នុងតម្លៃប្រមាណ ១៨លានផោនប៉ុណ្ណោះកាលខែមករា ឆ្នាំ២០១៨ និងបានបន្តកិច្ចសន្យាថ្មីនៅ Stamford Bridge កាលខែឧសភា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២១៕