(បរទេស)៖ ពិធីមង្គលការរៀបអាពាហ៌ពិពាហ៌មួយបានប្រារព្វឡើង ក្នុងកំឡុងស្ថានភាពមិនប្រក្រតីនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN កាលថ្មីៗនេះ។

ក្នុងព្រឹត្តិការណ៌នេះគេក៏សង្កេតឃើញថា កូនក្រមុំ និងកូនកម្លោះទាំងពីររូបមានការបិទរបាំងម៉ាសមុខដូចគ្នា។ ជាមួយគ្នានេះ ពួកគេក៏​នឹងត្រៀមពុំឲ្យមានការជួបជុំគ្នានាពេលរាត្រីផងដែរ។

នាង Maria Cecilia Osorio និងលោក Alfonso Ardila បានសម្រេចចិត្តរៀបការនៅទីនោះ ក្រោយបានជួបគ្នា​ដំបូងនៅឯទីតាំងជំរកគ្មានផ្ទះសម្បែងមួយកន្លែង ក្នុងប្រទេសកូឡុំប៊ី នាអំឡុងខណៈពេលប្រទេសទាំងមូលត្រូវបានបិទ។

អ្នកស្រុកនៅក្នុងទីជម្រកបានប្រមូលផ្តុំគ្នាក្នុងការរៀបចំពិធីមង្គលការមួយនេះ ដោយមានការផ្ដល់ជូនសេវាកម្មតុបតែងទីតាំងប្រារព្ធពិធី ក៏ដូចជាប្រដាប់ប្រដាឧបករណ៌សម្ភារៈផ្សេងៗ ជូនដល់កូនកម្លោះក្រមុំផងដែរ។

ក្រោយវិបត្តិនេះត្រូវបានកន្លងផុត ប្តីប្រពន្ធថ្មីថ្មោងមួយគូនេះក៏សង្ឃឹមថា ពួកគេនឹងអាចធ្វើដំណើរទៅក្រេបទឹកឃ្មុំបាន នៅតាមទីតំបន់នានា ដោយសប្បាយរីករាយសម្រាប់ថ្ងៃទី ១១ ខែឧសភាខាងមុខនេះ ដោយប្រទេសអាចនឹងបិទប្រកាសបញ្ចប់ស្ថានភាពគ្រោះថ្នាក់ សម្រាប់ស្រុកទេសមួយនេះ៕