(ភ្នំពេញ)៖ តារាចម្រៀងល្បីលំដាប់ប្រទេស ​របស់ផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី បានបរិច្ចាគ​ប្រាក់​​រហូតដល់ទៅ២ពាន់ដុល្លារ តាមការអំពាវនាវរបស់ប្រមុខ នៃរាជរដ្ឋាពិបា​លកម្ពុជា ដើម្បី​​ឲ្យ​គណៈកម្មាធិការ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ប្រើប្រាស់តាមតម្រូវការជាក់ស្ដែង ទប់​ទល់នឹងជំងឺឆ្លង Covid-19។

តាម​រយៈ​សារ​បង្ហោះ ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​នាង​ កាល​​ពីពេលថ្មីៗនេះ មាន​អ្នក​សិល្បៈ និង​អ្នក​គាំទ្រ​ជាច្រើន​ បាន​ Comment សរសើរ​​ថា ​នាង សុខ ពិសី មិនត្រឹម​តែ​មាន​សំឡេង​ពីរោះ និង​រូប​សម្បត្តិ​ស្អាតបាតគួរជាទីស្រឡាញ់នោះទេ នាងកថែម​ទាំងមានទឹក​ចិត្ត​ល្អ​ ​​ចេះដឹង​ពី​ទុក្ខ​លំបាក​របស់ជាតិ​ ក្នុង​គ្រា​ដែលប្រទេស​ កំពុង​គំរាមកំហែងដោយកូវីដ-១៩។

តារាចម្រៀង មានសម្រស់ផូរផង់ សុខ ពីសី និយាយ​ថា ក្នុង​ស្មារតីចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ រូប​នាងបាន​បរិច្ចាគ​ថវិកា​នេះ ដោយស្ម័គ្រចិត្ត និងជាផ្នែកមួយជួយប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាផងដែរ៕