(ភ្នំពេញ)៖ បន្ទាប់ពីរួមចំណែកសាងប្រវត្តិសាស្ដ្រជួយក្លិបបឹងកេត ឈ្នះពានសម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកដំបូង កាលពីឆ្នាំ២០១៩ កីឡាករ ម៉ុន វ៉ាន់ដា បានបង្ហើបមហិច្ឆតា និងការប្ដេជ្ញាចិត្តខំប្រឹង ដើម្បីជួយក្លិបការពារតំណែងជើងឯកបន្ដទៀត។

ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះបានបញ្ជាក់លើគេហទំព័រផ្លូវការរបស់បឹងកេតថា «មុនខ្ញុំបានសម្រេចបំណងរបស់ខ្ញុំហើយ គឺជួយក្លិប​ឈ្នះពានសម្តេចតេជោ ហ៊ុន សែន ដែលពីមុនមក យើងអត់ធ្លាប់ឈ្នះនោះទេ ហើយឆ្នាំនេះក៏ដូចគ្នា ខ្ញុំចង់ឈ្នះច្រើនជាងហ្នឹងទៀត តាមដែលអាចធ្វើទៅបាន»

អតីតកីឡាករជម្រើសខេត្តកំពង់ធំ និងយុវជនក្រសួងការពារជាតិបានបន្ថែមថា «ឆ្នាំមុនអ្វីៗបានបញ្ចប់ទៅយ៉ាងរលូន ហើយឆ្នាំនេះពួកយើងនឹងព្យាយាមធ្វើឱ្យល្អដូចមុន និងកាន់តែខ្លាំងជាងមុនថែមទៀត ព្រោះវាគឺជាអ្វីដែលគ្រប់គ្នាក្នុងក្លិបចង់បង្កើតនៅក្នុងសៀវភៅប្រវត្តិសាស្រ្តក្លិប»

គួរដឹងថា ម៉ុន វ៉ាន់ដា បានចូលលេងឲ្យបឹងកេតកាលពីឆ្នាំ២០១៨។ បន្ទាប់មកគេបានអភិវឌ្ឍន៍សមត្ថភាពជាបន្ដបន្ទាប់ ដើម្បីសម្រេចក្ដីស្រម៉ៃរបស់ខ្លួន ដែលចង់ល្បីដូច ចាន់ វឌ្ឍនាកា។ តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រស្គាល់ វ៉ាន់ដា កាន់តែច្រើន គឺក្នុងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំមុន ក្រោយរូបគេរកបាន ១គ្រាប់ ដែលជាការរួមចំណែកបង្កើតឱកាសឲ្យក្លិបលើកពានជាប្រវត្តិសាស្ដ្រតែម្ដង៕