(ម៉ាឌ្រីដ)៖ កីឡាករខ្សែបម្រើ Marcos Asensio បានបាត់មុខពីក្រុមខ្លាំងអេស្ប៉ាញ Real Madrid ក្នុងការចំណាយពេលសម្រាកព្យាបាល​របួសជង្គង់អស់រយៈពេល ៩ខែដែលជាពេលវេលាដ៏អាក្រក់មួយសម្រាប់រូបគេក្នុងរដូវកាលលីគ LaLiga 2019-2020 ដែលរូបគេបានសម្រាកព្យាបាលនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ Marca កាលពីពេលថ្មីៗនេះ។

សម្រាប់លោក Zinedine Zindane ក៏មានការចាប់អារម្មណ៍លើរូបគេ និងរីករាយជាខ្លាំងក្រោយពេលខ្សែបម្រើ Asensio បានវិលត្រឡប់មកហ្វឹកហាត់​ឡើងវិញក្នុងសប្តាហ៍ដំបូង ខណៈជុំវិញការអវត្តមាននេះកើតឡើងតាំងពីការប្រកួតពាន ICC កាលពីខែកក្កដា ឆ្នាំ២០១៩ រវាងក្រុម Real Madrid ប៉ះក្រុម Arsenal ដែលជាការប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធ Aubemeyang។

កីឡាករអេស្ប៉ាញ Asensio បានធូរស្រាលពីរបួសកាលពីដើមខែមីនា ឆ្នាំ២០២០ តែត្រូវបានខកខានចូលទីលាន ដោយសារវិបត្តិ COVID-19 ខណៈរដូវកាលនេះរូបគេមិនទាន់រត់លើទីលានបាន ១ប្រកួតនៅឡើយទេ ក្នុងនោះរូបគេនឹងអាចបង្ហាញខ្លួននៅពេលដែលលីគត្រឡប់មកវិញ បន្ថែមលើការបង្ហាញខ្លួនបាន ៣០ប្រកួតកាលពីរដូវកាលមុន៕