(បរទេស)៖ ក្រសួងពាណិជ្ជកម្មប្រទេសចិនបានឲ្យដឹងថា ជនអ្នកវិនិយោគទុនបរទេសនៅតែមានជំនឿសុទិដ្ឋិនិយម ទៅលើប្រទេសរបស់ខ្លួនដោយបន្ថែមទៀតថា នឹងពុំមានការរំពឹងការដកខ្លួនចេញពីក្រុមហ៊ុនវិនិយោគបរទេសណាមួយឡើយ បើទោះជាវត្តមាននៃវីរុសជម្ងឺកូរ៉ូណាក្ដី។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ថ្មីៗនេះ។

សៀវភៅតុក្កតា និងតួអង្គក្នុងរឿងគំនូរជីវចលជាច្រើន មានវត្តមានស្ទើរតែគ្រប់ទិសទីទាំងអស់។ ក្រុមហ៊ុន KLab ដែលជាទីស្នាក់ការប្រចាំតំបន់ធំ នៃការអភិវឌ្ឍន៍ហ្គេមក្នុងទូរស័ព្ទដៃចល័តរបស់ប្រទេសជប៉ុន បានពាំនាំនូវហ្គេមថ្មីមួយប្រភេទ ដែលក្នុងនោះមានតួអង្គគំនូរជីវចលល្បីល្បាញផ្សេងៗប្រចាំប្រទេស ដែលទាក់ទាញប្រិយមិត្តអ្នកគាំទ្រ ឲ្យធ្វើការទាញយកមកប្រើប្រាស់រហូតដល់ជាង ១៥០លាននាក់ឯណោះ ទូទាំងពិភពលោក បើគិតត្រឹមខែកញ្ញាឆ្នាំ២០១៩កន្លងទៅ។ ជាមួយគ្នានេះដែរ ពួកគេក៏មានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសចិន ដោយក្រុមហ៊ុនបានកំពុងនឹងធ្វើការសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយចំនួន ក្នុងកិច្ចគម្រោងអភិវឌ្ឍផលិតផលថ្មីៗ សម្រាប់រសនិយមដល់ប្រិយមិត្តអ្នកគាំទ្រក្នុងស្រុក។

លោក Sakurada Hiroyuki ជានាយក​ប្រតិបត្តិនៃក្រុមហ៊ុន kLab បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យឧស្សាហកម្មហ្គេមក្នុងប្រទេសចិនពិតជាមានការរីកចម្រើនយ៉ាខ្លាំង ដែលមានតម្លៃប្រហែលជាទឹកប្រាក់ ២០០ពាន់លានដុល្លារឯណោះ។ នា​ឆ្នាំមុនក្រុមហ៊ុនទីផ្សារហ្គេមដ៏ធំបំផុតក្នងពិភពលោកក៏បានបង្កើតប្រភេទហ្គេមថ្មីៗ ដែលមានការលាយបញ្ចូលគ្នារវាងតួអង្គគំនូរជីវចលជប៉ុន សហការជាមួយនឹងក្រុមហ៊ុនបណ្តាញបច្ចេកវិទ្យា «Quilan Leshan» នៃទីក្រុងប៉ៃជីង ហើយក៏បានបន្តការចែកចាយពង្រីកទៅកាន់ពិភពលោកចំនួន ១៤៧ប្រទេសបន្ថែមទៀត រួមមានអាមេរិកខាងជើង និងអឺរ៉ុបផងដែរ។ ការរួមសហប្រតិបត្តិការជាមួយប្រទេសចិនអស់រយៈពេលជាង ៨ឆ្នាំមក សាខាក្រុមហ៊ុនក្នុងទីក្រុងសៀងហៃរបស់លោក នាបច្ចុប្បន្នមានការចូលរួមគ្រប់គ្រងពីបុគ្គលិកប្រមាណ ៧០នាក់ហើយ ដែលភាគច្រើនសុទ្ធតែជាជនជាតិចិន។

ក្រៅពីឧស្សាហកម្មហ្គេមក៏មានផ្នែកជាច្រើនផ្សេងទៀត ដែលមានគោលបំណងសហការដៃគូអាជីវកម្មជាមួយប្រទេសចិន។ ថ្មីៗនេះក្រុមការងារសិល្បៈរបស់ប្រទេសជប៉ុន ដែលមានជំនាញទេពកោសល្យក្នុងការបង្កើតស្នាដៃតាំងពិព័រណ៍សិល្បៈដ៏អស្ចារ្យ បានសម្រេចចិត្តចាត់ទីតាំងថ្មីមួយកន្លែងក្នុងប្រទេសចិន ដោយត្រឹមតែ ៦ខែប៉ុណ្ណោះ បន្ទាប់ពីការសាលល្បងដាក់តាំងពិព័រណ៍លើកដំបូងនៅទីនោះ កាលពីខែវិច្ឆិការកន្លងទៅ។ គ្របដណ្តប់លើផ្ទៃដី ៦៦០០ម៉ែត្រក្រឡា សិល្បៈឌីជីថលរបស់ក្រុមការងារបានទាក់ទាញអ្នកមកទស្សនាជិត ១៦០០០០នាក់ ត្រឹមខែមករា ដែលនឹងត្រៀមដំណើរប្រត្តិបត្តិការនឹងវិលរកសភាពដើមវិញ ក្រោយត្រូវបានផ្អាករយៈពេលជាងពីរខែមកនេះ ស្របទៅនឹងការលេចឡើងនៃវីរុសកូរ៉ូណា។ ក្រៅពីនេះក្រុមការងារក៏មានគម្រោងពង្រីកទៅកាន់ទីក្រុងផ្សេងបន្តទៀតផងដែរ។

យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាគិតត្រឹមថ្ងៃទី១៤ ខែមេសា មានការស្ទាបស្ទង់នៃរយៈចំនួនបន្តដំណើរការអាជីវកម្ម នៅតាមសហគ្រាសនានាមានចំនួន ៨៧០០មកហើយ ដែលវាជាដំណើរការយ៉ាងហោចណាស់ ៧០ភាគរយ នៃសកម្មភាពអាជីវកម្មទាំងមូល៕