(ភ្នំពេញ)៖ ម្ចាស់ពានរង្វាន់ «Cambodia’s Got Talent» លោក យឿន ពិសី បានប៉ះគ្នាជាមួយកុមារីរូបស្រស់ អតីតបេក្ខជនកម្មវិធី «The Voice Kids Cambodia» កែវ ទិត្យផល្លី ក្នុងចម្រៀងឆ្លងឆ្លើយថ្មី «ក្មេងសម័យ២០២០» ទទួលបានការចាប់អារម្មណ៍ច្រើនក្នុងបណ្តាញសង្គម។ តារាវ័យក្មេងទាំងពីរ បានបកស្រាយចម្រៀងក្នុងបទថ្មីនេះ ប្រកបដោយទឹកដម និងមានការសម្តែងយ៉ាងរស់រវើក ក្រមិចក្រមើមតែម្តង។

ជាការកត់សម្គាល់ បទថ្មី «ក្មេងសម័យ២០២០» គឺជាស្នាដៃនិពន្ធដោយលោក បូទី។ បទនេះ មានអត្ថន័យទៅដល់ក្មេងៗមួយចំនួននាពេលបច្ចុប្បន្ន ដែលចូលចិត្តអង្គុយសំកុកតែនៅមុខទូរស័ព្ទ។ គួបផ្សំជាមួយនឹងការសម្តែងរបស់ក្មេងស្រី កែវ ទិត្យផល្លី ជាមួយលោក យឿន ពិសី យ៉ាងស័ក្តសមគ្នាផងនោះ កាន់តែធ្វើឲ្យចម្រៀងមួយនេះ ទទួលបានការចូលទស្សនាច្រើនក្នុងបណ្តាញសង្គម។

ក្រៅពីមានអត្ថន័យដូចបានរៀបរាប់ខាងលើ ចម្រៀងថ្មីនេះ ក៏បង្កប់អត្ថន័យជូនពរដល់បងប្អូនកម្ពុជាគ្រប់រូបឲ្យមានសិរីសួស្តី ទៅណាមកណាមានសេចក្តីសុខសប្បាយផងដែរ។ ជាពិសេស ក្នុងវីដេអូចម្រៀង គឺបានបង្ហាញពីទេសភាពយ៉ាងស្រស់ស្អាត នូវវាលស្រែ និងចំការឈូក មើលទៅត្រជាក់ភ្នែកតែម្តង៕