(ប៉ារីស)៖ យោងតាមការចេញផ្សាយដោយ L'Equipe នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ការប្រកួតបាល់ទាត់នៃក្របខណ្ឌលីគបារាំង នៅពេលនេះត្រូវបានសម្រេចរំសាយចោលនៅពេលដែលរដ្ឋាភិបាលបារាំង បន្តរឹតបន្តឹងមិនឲ្យការប្រកួតកីឡាគ្រប់ប្រភេទរហូតដល់ខែកញ្ញា ក្នុងទប់ស្តាត់វីរុសឆ្លង COVID-19 ដែលវិបត្តិជាសកល។

នាយករដ្ឋមន្រ្តីបារាំង Edouard Phillippe បានលើកឡើងថា សម្រាប់ការទប់ស្កាត់ COVID-19 នឹងបន្តរហូតដល់ថ្ងៃទី ១១ ខែកញ្ញ ឆ្នាំ២០២០ ខាងមុខ ខណៈការរំសាយការប្រកួតលីគបារាំង Ligue 1 និង Ligue 2 ក្រោយពេលវិបត្តិ COVID-19 នៅមិនទាន់ធូរស្រាលនៅឡើយ គ្រាដែលនាពេលកន្លងមកការប្រកួតគ្រោងធ្វើឡើងវិញដោយលេងបិទទ្វារកីឡដ្ឋានក៏ដោយ។

រដូវកាលឆ្នាំ២០១៩-២០២០ នៃលីគ Ligue 1 កំពុងមានក្រុម PSG នៅឈរលើកំពូលតារាងដែលរកបាន ៦៨ពិន្ទុក្រោយឆ្លងកាត់ ២៧ប្រកួត ដែលមាន ២០ក្រុមចូលរួមប្រជែងដែលនៅសល់តែ ១១ប្រកួតទៀតប៉ុណ្ណោះ គ្រាដែលការប្រកួតលីគទី២ Ligue 2 ដែលលេងបាន ២៨ប្រកួត មានក្រុម Lorient ឈរកំពូលតារាង ហើយនេះជាការខកខាងលើកពានរបស់ក្រុមខ្លាំង PSG ដែលតែងតែកាន់ពាននេះ ៣ឆ្នាំជាប់គ្នាផងដែរ។

គួរបញ្ជាក់ផងថា គិតមកកទល់នឹងពេលនេះ មានលីគធំៗ៣ប្រទេសទៅហើយដែលសម្រេចរំសាយចោល ដោយសារតែវិបត្តិ COVID-19 រួមមានលីគកំពូលនៅប៊ែលហ្ស៊ិក លីគកំពូលនៅហូឡង់ និងចុងក្រោយ Ligue 1 នៅប្រទេសបារាំង គ្រាដែលលីគល្បីៗនៅអង់គ្លេស អេស្ប៉ាញ អ៊ីតាលី និងអាល្លឺម៉ង់ នៅស្រពេចស្រពិលពីវិលត្រឡប់វិញដូចគ្នា៕