(ភ្នំពេញ)៖ លោក Akihiro Kato ម្ចាស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ និងដៃគូសហការ ៣រូបបានសម្រេចបរិច្ចាគថវិកា ២៥,០០០ដុល្លារ សម្រាប់ជួយដោះស្រាយទុក្ខលំបាកខ្លះៗរបស់ក្រុមអ្នកគាំទ្រខ្លួន (Tiger Army) ក្នុងគ្រាជំងឺកូវីដ-១៩(Covid-19) ដែលកំពុងរាតត្បាតជាសកលជាច្រើនខែកន្លងមក។

តាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់ក្លិប មានមូលដ្ឋាននៅខេត្តសៀមរាបនេះបានបញ្ជាក់ថា ថវិកាមនុស្សធម៌ខាងលើ គឺបានផ្ដល់ដល់ក្រុមអ្នកគាំទ្រ Tiger Army តាមរយៈប្រធានក្រុមលោក កាន់ សំបូរ ចំនួន ១០,០០០ដុល្លារហើយ សម្រាប់រៀបចំជូនកូនក្រុមរបស់ខ្លួន។ ហើយនៅសល់ប៉ុន្មាន ក្លិបនឹងធ្វើការទិញអង្ករផ្ដល់ជូនដល់អ្នកគាំទ្រជាការសម្រួលបន្ទុកមួយកម្រិតទៀត។

ទន្ទឹមជាមួយការបរិច្ចាគថវិកាផ្ទាល់ខ្លួននេះ លោក Akihiro Kato បានបញ្ជាក់ថា «វាជាពេលដែលខ្ញុំត្រូវតបស្នងដល់អ្នកគាំទ្រគ្រប់គ្នា ដែលតែងតែស្រឡាញ់ គាំទ្រនៃក្លិបបាល់ទាត់អង្គរថាយហ្គឺរកន្លងមក»។ នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់លោក Aki ចំពោះអ្នកគាំទ្ររបស់ខ្លួន ពិសេសការចែករំលែកដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនជប៉ុន ដែលជាអ្នកគាំទ្រក្លិបរបស់ខ្លួន៕