(បរទេស)៖ រូបភាពជើងដ៏សិចស៊ី វែង និងស្រឡូនរបស់ Lisa សមាជិកក្រុម BLACKPINK បានក្លាយជាការចាប់អារម្មណ៍ និងកំពុងតែល្បីខ្លាំង នៅលើបណ្តាញសង្គម Twitter។

ជាការពិតណាស់ រូបភាពជើងដ៏សិចស៊ី ហើយវែងរបស់ Lisa ត្រូវបានអ្នកលេង Internet និងបុគ្គលល្បីៗជាច្រើន យកទៅកាត់តជាមួយរូបពួកគេ និងរូបភាពបែបកំប្លែងផ្សេងៗទៀត ហើយបង្ហោះយ៉ាងព្រោងព្រាត នៅក្នុងបណ្តាញសង្គម Twitter ដោយភ្ជាប់ជាមួយពាក្យខ្លី «did it work?»។

រូបភាពកាត់តជាមួយជើងរបស់ Lisa ត្រូវបានអ្នកលេង Internet ចាត់ទុកជា រូបដែលមើលទៅបែបធម្មជាតិ និងធ្វើឲ្យពួកគេ​ទប់សំណើបមិនបានពេលដែលមើលម្តងៗ។ លើសពីនេះ អ្នកលេងបណ្តាញ Internet ក៏បានចាត់ទុករូបភាពជើងរបស់ Lisa ជារូបកំប្លែង ហើយល្អបំផុតសម្រាប់ពួកគេ ដែលកំពុងអនុវត្តវិធានការនៅក្នុងផ្ទះ ដើម្បីសុវត្តិភាព ខណៈវីរុស Covid-19 កំពុងរាតត្បាត។ អ្នកលេង Internet ក៏អរគុណ Lisa សម្រាប់រូបភាពជើងរបស់នាង ដែលធ្វើឲ្យពួកគេមានអារម្មណ៍ល្អ ធូរស្រាលពីភាពតានតឹង និង មិនអផ្សុកពេលមិនមានអ្វីធ្វើ។

សូមជម្រាបថា រូបភាពជើងរបស់ Lisa ដែលកំពុងតែល្បីខ្លាំងនេះ គឺជារូបនៅក្នុងវីដេអូក្បាច់រាំទី៣ «Mushroom Chocolate» ដែលបានបង្ហោះនៅក្នុង Channel YouTube ផ្លូវការរបស់នាង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ ដោយទទួលបានការចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់៕