(ឡុងដ៍)៖ Mesut Ozil ដែលលេងក្នុងតំបន់បម្រើ មិនទាន់ត្រូវបានក្លិបកាំភ្លើងធំ Arsenal ផ្តល់កិច្ចសន្យាថ្មីនៅឡើយទេ ដ្បិតកិច្ចសន្យាចាស់របស់គេនឹងផុតកំណត់នៅឆ្នាំ២០២១ ខាងមុខនេះ។
យោងតាមសារព័ត៌មាន ESPN បានចុះផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នេះថា កីឡាករសញ្ជាតិអាល្លឺម៉ង់ខាងលើ ធ្លាប់ត្រូវបានគេរាយការណ៍អំពីការចាកចេញពីទឹកដី Emirates កាលពីរដូវក្តៅមុនតាំងពីជំនាន់លោក Unai Emery នៅដឹកនាំម្ល៉េះ តែត្រូវបានខកខានទៅវិញ ដោយសារមិនត្រូវតម្លៃគ្នា និងទើបតែបង្ហាញខ្លួនបាន ១០ប្រកួតនៅ Premier League ប៉ុណ្ណោះក្រោមការដឹកនាំរបស់ Mikel Arteta គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ មក។
បុរសវ័យ ៣១ឆ្នាំ Ozil បានរងសម្ភាពជាខ្លាំងនៅក្រោយពេល Arsenal ផ្ទេរកីឡាករ Alexis Sanchez ជាថ្នូរយក Henrikh Mkhitaryan មកទឹកដី Emirates វិញជាមួយក្លិបគូប្រជែងនៅ Premier League បិសាចក្រហម Manchester United និងបានបង្ខំចិត្តអង្គុយកៅអីបម្រុងជាច្រើនប្រកួត ក្នុងនាមកីឡាករទទួលបានថ្លៃពលកម្ម ៣៥០,០០០ផោនក្នុង ១សប្តាហ៍ លើសខ្សែប្រយុទ្ធកាបុង Pierre-Emerick Aubameyang ដែលទទួលបានតែ ២០០,០០០ផោន ក្នុង១សប្តាហ៍ប៉ុណ្ណោះ។
អតីតកីឡាករនៃក្លិប Real Madrid ខាងលើនេះ ធ្លាប់ត្រូវបានក្លិប Inter Milan, AC Milan និង Fenerbahce ចាប់អារម្មណ៍ដែរ តែតម្លៃពលកម្មថ្លៃពេក ក៏បិទបញ្ចប់ទៅវិញដែរ៕