(ភ្នំពេញ)៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ខណៈដែលតារាសម្ដែងរូបស្រស់ សិទ្ធី នីកា បានក្លាយទៅជាសែរាជវង្សទៅហើយ បន្ទាប់ពីនាងបានភ្ជាប់ស្នេហ៍ ជាមួយព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ដែលជាបុត្ររបស់ព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ហើយសម្រាលបានកូនប្រុសម្នាក់ ខណៈដែលមិនទាន់លេចឮដំណឹងរៀបការនៅឡើយ។ យ៉ាងណាមិញ ក្រោយបានគូស្នេហ៍ជាសែស្រឡាយរាជ្យវង្ស សិទ្ធី នីកា ហាក់ស្ងប់ស្ងាត់ខ្លាំងពីសិល្បៈ អាចនិយាយបានថា នាងបញ្ចប់អាជីពសិល្បៈទាំងស្រុងតែម្ដង។
ជាការពិតណាស់ ចាប់តាំងពីសម្រាលបានកូនប្រុសម្នាក់ ទាំងមិនទាន់បានរៀបការមក សិទ្ធី នីកា បានផ្អាកការថតសម្ដែង បញ្ចប់អាជីពសិល្បៈទាំងស្រុងទៅហើយ ក្រោយបានប្ដីជាសែស្រឡាយរាជ្យវង្ស។ ម្យ៉ាងទៀត ស្វាមីរបស់នាងមិនចង់ឲ្យ នីកា ថតសម្ដែងជាមួយតារាប្រុសណា ដែលមានឈុតឱបថើបឡើយ ទើបធ្វើឲ្យនាងរយាលពីសិល្បៈបែបនេះ។
ចំណែកស្រីស្អាត សិទ្ធី នីកា វិញ ក៏ចាប់ផ្ដើមកាត់ផ្ដាច់ទំនាក់ទំនងជាមួយមិត្តភក្ដិ ជាតារាធ្លាប់រួមអាជីព ព្រោះពេលនេះនាងផ្ដោតទៅលើការមើលថែកូន និងតម្រូវចិត្តស្វាមីច្រើនជាង ហើយគេក៏សម្គាល់ឃើញនាង គ្មានសកម្មភាពអ្វីឡើយ ក្នុងសិល្បៈនាពេលបច្ចុប្បន្ន ទាំងការថតភាពយន្ត និងសម្ដែងក្នុងបទចម្រៀង។
គួរឲ្យដឹងដែរថា តារាសម្ដែង សិទ្ធី នីកា ជាក្មួយស្រីរបស់តារាសម្ដែងព្រំ រដ្ឋា ហើយនាងធ្លាប់លេចមុខតាមបទចម្រៀង Original Songs និងស្ពតពាណិជ្ជកម្ម រួមទាំងរឿងភាគមួយចំនួនទៀត ដែលគេសរសើរថា នាងមានរូបសម្រស់គួរឲ្យទាក់ទាញទៀត ទើបធ្វើឲ្យប្រុសៗទាំងឡាយជ្រួលជ្រើមតាមសុំស្នេហ៍។ យ៉ាងណាមិញ គេនៅតែមិនទាន់ដឹងដំណឹងនោះទេថា តារាសម្ដែង សិទ្ធី នីកា និងមានគម្រោងដឹកដៃគូស្នេហ៍ ដែលជាសែស្រឡាយរាជវង្ស ចូលរោងការនៅពេលណាឡើយ ក្រោយសម្រាលបានកូនប្រុសម្នាក់ ជាដំណក់ឈាមរួមគ្នា៕