(ភ្នំពេញ)៖ ជាការពិត​ មហាជនពិតជាបានដឹង​ហើយថា ចាប់តាំងពីជំងឺរាតត្បាតសកល កូវីដ១៩ ចូលវាយលុកមកដល់ប្រទេសកម្ពុជាមក វិស័យនានាត្រូវបានរាំងជាប់គាំង និងប៉ះពាល់យ៉ាងខ្លាំង ដល់កត្តាជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋ។ ងាកមកមើលវិស័យសិល្បៈវិញ គេសង្កេតឃើញមានតារាសម្ដែង តារាចម្រៀង និងតារាកំប្លែងជាច្រើនដួង បានត្អូញត្អែពីការបាត់បង់ចំណូល ក្នុងរដូវកាលនៃជំងឺកូវីដ១៩នេះ។

ដោយឡែក តារាចម្រៀងល្បី អ្នកនាង សុគន្ធ និសា វិញ ទោះបីជាទីផ្សារចម្រៀងត្រូវធ្លាក់ចុះ ប៉ុន្តែនាងនៅតែមមាញឹក​នឹងមុខជំនួញ​ ស្ទើរតែរកពេលសំរាកគ្មាន។ ចំពោះមុខជំនួញរកស៊ីរបស់ សុគន្ធ និសា ​ដូចជាការបើកហាងលក់គុយទាវខ្ចប់, ជ្រក់ជើងមាន់,​ កាហ្វេ និងចេកឆឹង ជាដើម ដោយទទួលបានការគាំទ្រច្រើនទៀតផង។

ដោយឡែក ស្វាមីរបស់នាង​ គឺលោក ចៅ សម្បត្តិ ហៅសាំបា ដែលជាអាណិកជនខ្មែរ មកពីរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិកវិញ មិនត្រឹមតែបើកដៃឲ្យនាងបានលេងសិល្បៈ ដោយសេរីនោះទេ ប៉ុន្ដែលោក ក៏ជាអ្នកគាំទ្រយ៉ាងពេញទំហឹង ចំពោះមុខជំនួញប្រចាំថ្ងៃរបស់នាងផងដែរ។

សុគន្ធ និសា ត្រូវបានគេដឹងថា មិនសូវមានបទចម្រៀងល្បីៗទៀតទេ ​ហើយនាងក៏ងាកទៅថតសម្ដែងភាពយន្ដ ដល់ទៅ៤រឿងជាប់ៗគ្នា មានដូចជា រឿង «សិសិររដូវក្នុងបេះដូង​, ​រាជិនីភូមិគ្រឹះ​, ​ព្រះវេស្សន្ដរជាតក»​ និងរឿង «ចំណតថ្មីនៃសុភមង្គល» ​ក្នុងនោះ នាងសម្ដែងជាតួឯកទាំងអស់តែម្ដង។ ការងាកមកសម្រុកសម្ដែងភាពយន្ដ ជាងអាជីពចម្រៀងនេះ ធ្វើឲ្យមានការលើកឡើងថា និសា ចង់បន្សល់ទុកស្នាដៃច្រើន មុនពេលនាងដើរចេញ ពីអាជីពចម្រៀង ទៅរស់នៅ​អាមេរិកតាមស្វាមី។

សូមបញ្ជាក់ថា តារាចម្រៀងសុគន្ធ និសា នៅតែមិនទាន់មានដំណឹងពពោះកូនក្នុងផ្ទៃ ដូចអ្នកសិល្បៈមួយចំនួនដែលទើបរៀបការនោះទេ ក្រោយពីនាងរៀបការជាង២ឆ្នាំមកនេះ ហើយរូបរាងរបស់នាង នៅតែរក្សាបានស្វែលស្អាត មិនចាញ់កាលពីនៅលីវនោះឡើយ៕