(កំពង់ឆ្នាំង)៖ តារាសម្ដែង កញ្ញា មាន សូនីតា ​​បានបង្ហាញអារម្មណ៍អាណិត​ព្រះសង្ឃ​គង់​នៅ​វត្ត​មួយ​ នាខេត្តកំពង់ឆ្នាំង មាន​ឈ្មោះ​ថា «វត្ត​ទួល​មេត្រី» ដែល​ពេល​នេះ ព្រះ​សង្ឃ​ស្ទើរ​ដាច់​ចង្ហាន់ ដោយ​ព្រះ​សង្ឃ​ដែល​ឃើញ​មាន​ទាំង​ចាស់ និង​កូន​នេន​តូច​ៗ​​ ព្រមទាំងយាយជីតាជី​ផង​នោះ គឺនាំគ្នាហូប និង​ឆាន់​មី​កញ្ចប់​ មើលទៅពិតជាគួរឲ្យសង្វែគពេកក្រៃ។

មាន សូនីតា បានថ្លែង នៅក្នុងបណ្ដាញសង្គមរបស់នាងថា «ពេល​ទៅ​ដល់​ភ្លាម ​ឃើញ​លោក​ឆុង​មី​កញ្ចប់ ១​អង្គ ឃើញ​ហើយ​ចង់​ស្រក់​ទឹកភ្នែក ស្រុត​ថ្លើម​ដល់​ដី​។ រដូវការ Covid នេះ គ្មានចំណុះជើងវត្តដាក់វេនទេ ហើយលោកក៏មិនសូវមានចង្ហាន់គ្រប់គ្រាន់ដែរ។ អាច​ចូលបុណ្យដោយផ្ទាល់ជាមួយលោកបាន ​«សុផា និទ​» វត្តទួលមេត្រី ខេត្តកំពង់ឆ្នាំង ០១២ ៥៦៣ ៦០១​»

តារា​ស្រីរូបនេះ​បាន​បញ្ជាក់​ថា នាង​បាន​ដឹង​ដំណឹង​ពី​វត្ត​នេះ​ តាម​រយៈ​អ៊ុ​របស់​នាង​ម្នាក់​ដែល​ធ្លាប់​ទៅ​ដល់​វត្ត​នេះ​ តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ដឹង​ថា វត្តមាន​ខ្សត់​ណាស់​​ ទើប​សម្រេច​នាំ​អ្នក​ម្ដាយ​របស់​នាង​ ទៅ​ធ្វើ​បុណ្យ​សន្សំ​កុសល​ម្ដង​ទៀត​នៅពេល​នេះតែម្ដង និង​បាន​ឃើញ​ទិដ្ឋភាព​ជាក់​ស្ដែង​ផ្ទាល់​ភ្នែក​​ ធ្វើ​ឲ្យ​នាង​សង្វេគ​ចិត្ត​តែ​ម្ដង។ ​វត្ត​នេះ​ខ្សត់​ខ្សោយ​ស្រាប់ លុះ​មក​ដល់​បច្ចុប្បន្ន​ ជា​កាលៈទេសៈកូវីដ ១៩ រាតត្បាត​ទៀត រឹត​តែ​ខ្សត់​ថែម​ទៀត។

​ជាការពិត ដោយ​សារ​ភ័យ​ខ្លាច Covid-19 វត្ត​នេះ មិន​មាន​ឧបាសក ឧបាសិកា​ចំណុះ​ជើង​វត្ត​ដាក់​វេន​ទេ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ខ្វះ​ចង្ហាន់។ ជាក់​ស្ដែង​ពេល​ដែល​នាង​ទៅ​ដល់​ព្រឹក​នេះ គឺ​ព្រះសង្ឃ និង​យាយ​ជី​តាជីផង ឆាន់ និង​ពិសា​តែ​មី​ស្រុះ​ម្នាក់​១​កញ្ចប់​ប៉ុណ្ណោះ។

មាន សូនីតា និង​ម្ដាយ​បាន​ទៅ​ដល់​វត្ត «ទួល​មេត្រី» នៅ​ព្រឹក​នេះ ដោយ​មុន​ពេល​ទៅ​ដល់ នាង​បាន​ជួប​រឿង​ជា​ច្រើន ដោយ​សារ​តែ​នាង​មិន​បាន​ស្គាល់​ទីតាំង​ភូមិ​សាស្ត្រ​ច្បាស់​លាស់។ ដោយ​សារ​តែ​បែប​នេះ នាង​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន សួរ​នាំ​គេ​គ្រប់​គ្នា ទម្រាំ​អាច​តែ​អាច​នាំ​ផ្លូវ​ម្ដាយ​ ទៅ​ដល់​វត្ត​គោលដៅ​បាន ដោយ​ស្ទើរ​ផុត​ចង្ហាន់​លោក​ថែម​ទៀត។ នាងបន្តថា «ផ្លូវស្ទះ , អត់ស្គាល់វត្ត, ជិះដើររកវត្ត, វត្តនៅខេត្ត, តាមផ្លូវគេធ្វើតាំងពីភ្នំពេញដល់ខេត្ត ជិះមិនបានលឿន​,​ ប៊ិះហួសចង្ហាន់លោក»

មាន ​សូនីតា និង​ម្ដាយ​បាន​ប្រគេន​ចង្ហាន់ និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ជូន​ព្រះសង្ឃ ទុក​ដោះស្រាយ​ការ​លំបាក​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ។ ជាមួយ​គ្នានេះ នាង​បាន​អំពាវនាវ​ដល់​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ សូម​ទៅ​សាង​កុសល​ជាមួយ​វត្ត​ខាង​លើ​ឲ្យបាន ​តាមកម្លាំងសុទ្ធាជ្រះថ្លារៀងខ្លួនផងចុះ៕