(មេនឆេស្ទើ)៖ ក្រោយពីទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាសុវត្ថិភាពមក ក្លិបបាល់ទាត់បិសាចក្រហម Manchester United នឹងធ្វើការដំឡើងកៅអីមានរនាំងដែរការពារក្នុងកីឡដ្ឋាន Old Trafford របស់ខ្លួនចាប់ពីរដូវកាលក្រោយ ឆ្នាំ២០២០-២០២១ តទៅ។

តាមគម្រោង Man Utd នឹងដំឡើងកៅអីមានរនាំងការពាររហូតដល់ ១៥០០កៅអីនៅផ្នែកភាគឦសាននៃកីឡដ្ឋាន បន្ថែមលើកៅអីដែលមានស្រាប់ចំនួន ៧៥០០០កៅអីដែល ដែលជាកីឡដ្ឋានធំជាងគេក្នុងបណ្តាក្លិបអាជីពដទៃនៅ អង់គ្លេស។ ប្រសិនបើធ្វើទៅទទួលបានជោគជ័យ Man Utd ក៏មានគម្រោងសង់កៅអីដែលអ្នកទស្សនាអាចអង្គុយ ឬក៏ឈរទស្សនាបន្ថែមទៀតដែលនៅជុំវិញកីឡដ្ឋានបន្តទៀត។

បន្ថែមលើនេះ ក្លិបលេងនៅ Premier League មានដូចជា Wolverhamton Wanderers ក៏ត្រូវបានអនុញ្ញាតឲ្យសង់ កៅអីមានរនាំងដែកនៅខាងត្បូងនៃកីឡដ្ឋាន Molineux របស់ខ្លួនផងដែរ។

កន្លងមក ក្លិបលេងនៅលីគកំពូលអង់គ្លេសចំនួន២ ធ្លាប់បាក់រនាំងដែកកន្លែងកៅអីអង្គុយកាលពីឆ្នាំ១៩៨៩ ក្នុងនោះបណ្តាលឲ្យអ្នកគាំទ្រនៃក្លិប Liverpool ចំនួន ៩៦នាក់បាត់បង់ជីវិត៕