(បរទេស)៖ ឣនុសេនីយឯកលោក Tom Moore បានទទួលសារលិខិតជូនពរយ៉ាងក្រាស់ក្រែលនាឱកាសគម្រប់ខួបវ័យ ១០០ឆ្នាំ របស់លោកខាងមុខនេះប្រមាណជាង ១២៥,០០០ច្បាប់ឯណោះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។

លោក Moore បានធ្វើការរៃអង្គាសប្រាក់ជារៀងរាល់ថ្ងៃ ក្នុងគោលបំណងផ្ដល់ការឧបត្ថមទៅកាន់ មជ្ឈមណ្ឌលផ្នែកសេវាសុខភាពជាតិប្រទេសអង់គ្លេសហៅកាត់ NHS ធ្វើដំណើរនៅតាមទីធ្លាសួនច្បារឧស្យានរបស់លោកចំនួន ១០០ជុំជាប្រចាំ។ សកម្មភាពរបស់លោកបានក្លាយជាទង្វើដ៏គួរឲ្យស្ញប់ស្ញែងមួយ ដែលបានទទួលការកោតសរសើរពីមហាជនទូទាំងប្រទេស ក្នុងនោះរួមមានអតីតកីឡាករជម្រើសជាតិអូឡាំពិចគឺលោក Mo Farrah និងព្រះអង្គម្ចាស់ William ផងដែរ។

លើសពីនេះទៅទៀត ទង្វើររបស់លោក Moore បានធ្វើការបំបែកឯតទគ្គកម្មកំណត់ត្រាហ្គីណេសពិភពលោក ដោយជាប់ឈ្មោះថា ជាការដើររៃអង្គាសប្រាក់សប្បុរសធម៌ ដែលមានចំនួនច្រើនជាងគេទូទាំងពិភពលោក ពោលមានចំនួនសរុបច្រើនជាង ២៧លានផោនស្មើរនឹង ៣៣លានដុល្លារអាមេរិក៕