(ប៉ារីស)៖ ក្លិបបាល់ទាត់អាជីព Paris Saint-Germain នៅតែជាអ្នកគ្រប់គ្រងជើងឯកពានរង្វាន់ Ligue 1 នារដូវកាលនេះដដែល បើទោះបីជាលីគត្រូវបានរដ្ឋាភិបាលប្រទេសបារាំង ប្រកាសរំសាយមុនបញ្ចប់ការប្រកួតក៏ដោយ។

ក្លិបអ្នកមានខាងលើនេះ បានកំពុងនាំមុខដាច់ ១២ពិន្ទុនៃកំពូលតារាង Ligue 1 នារដូវកាលឆ្នាំ២០១៩-២០២០ មុនពេលលីគត្រូវបានផ្អាកជាបណ្តោះអាសន្នតាំងពីថ្ងៃទី១៣ ខែមីនាមក មុនឈានដល់រដ្ឋាភិបាលនៃប្រទេសនៅទ្វីបអឺរ៉ុបមួយនេះ ដាក់បម្រាមមិនឲ្យមានការជួបជុំរហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបញ្ចៀសឆ្លងជំងឺ COVID-19។

ជាមួយគ្នានេះ លោក Nasser Al-Khelaifi ម្ចាស់ក្លិប PSG ក៏បានថ្លែងប្រាប់ BBC ដែរថា «យើងយល់ និងគោរពទៅតាមសេចក្តីសម្រេចនានារបស់រដ្ឋាភិបាលក្នុងការបញ្ចប់យុទ្ធនាការជើងឯករដូវកាលនេះ។ សុខភាពគឺជាកត្តាសំខាន់ដែលយើងគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់បំផុត»

ក្របខណ្ឌលីគកំពូលបារាំង Ligue 1 រដូវកាលនេះ នៅសល់ ១០ប្រកួតទើបបញ្ចប់ គ្រាដែលក្រុមការពារតំណែងជើងឯក PSG មាន ១២ពិន្ទុនាំមុខកំពូលតារាងដាច់ និងនៅសល់ ១ប្រកួតក្នុងដៃផងដែរ ក្នុងនាមជាក្រុមដែលឈ្នះជើងឯកលីគកំពូលមួយនេះ ៣សម័យកាលជាប់គ្នាផងដែរនាឆ្នាំ២០១៨ ២០១៩ និងឆ្នាំ២០២០ បន្ទាប់ពី Monaco ធ្លាប់ឈ្នះម្តងកាលឆ្នាំ២០១៧៕