(ឡុងដ៍)៖ កីឡាករមួយចំនួនធំ អាចនឹងលេងទាំងមានភាពភ័យខ្លាចនៅពេល Premier League ចាប់ផ្តើមប្រកួតវិញ ជុំវិញបញ្ហាជំងឺឆ្លង COVID-19 ដែលនៅតែពុំទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយ នេះបើយោងតាម Sergio Aguero ថ្លែងប្រាប់ BBC ថ្ងៃនេះ។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន ដែលកំពុងលេងឲ្យក្លិប Manchester City បានថ្លែងថា «រឿងសំខាន់គឺថា កីឡាករទាំងអស់នៅតែមានភាពភ័យខ្លាចពី COVID-19 ដោយសារតែពួកគេមានកូនៗ និងគ្រួសារ។ ខ្ញុំខ្លាច និងនៅតែផ្ទះជាមួយមិត្តស្រីដោយមិនចេញទៅខាងក្រៅនោះទេ»

លីគកំពូលអង់គ្លេស Premier League ត្រូវបានគេសង្ឃឹមថា នឹងចាប់ផ្តើមប្រកួតឡើងវិញនាថ្ងៃទី០៨ ខែមិថុនា នៅក្រោយពេលកីឡាករនៃគ្រប់ក្លិបទាំងអស់ចេញហ្វឹកហាត់ដូចធម្មតាវិញនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រោយពេលសម្រាកចាប់ពីថ្ងៃទី១១ ខែមីនា ដោយសារការរីករាលនៃជំងឺដ៏កាចសាហាវខាងលើ។

តែយ៉ាងណា រាល់ការប្រកួតដែលត្រឡប់វិញទាំងអស់ ត្រូវបានគេគិតថា នឹងធ្វើឡើងដោយបិទទ្វារកីឡដ្ឋានផងដែរ ហើយមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ដែលអាចទស្សនានៅផ្ទះបាន សម្រាប់ ៩ប្រកួតដែលនៅសល់នា Premier League រដូវកាលឆ្នាំ២០១៩-២០២០នេះ៕