(ភ្នំពេញ)៖ លោក កែវ សារិន អតីតគ្រូបង្វឹកក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានទទួលមរណភាពហើយ កាលពីម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្នុងវ័យ ៥៧ឆ្នាំ។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមរបស់កីឡាករ កែវ ឧត្តម ដែលត្រូវជាកូនប្រុស។

តាមការបញ្ជាក់កន្លងមក ឪពុកបង្កើតខ្សែប្រយុទ្ធជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជាខាងលើ គឺមានជំងឺគីសបំពង់ករយៈពេលជិត ២ឆ្នាំមកហើយ។ បន្ទាប់មកលោកបានធ្វើការវះកាត់ព្យាបាល ដោយទទួលបានការឧបត្ថម្ភពីសប្បុរសជនមួយចំនួន។ ក្រោយវះកាត់ជំងឺនេះធូរស្រាលបន្ដិច តែក្រោយមកក៏រើឡើងវិញ រហូតដល់ថ្ងៃលោកទទួលមរណភាព។

គួរដឹងថា លោក កែវ សារិន បានផ្ដើមអាជីពបាល់ទាត់តាំងពីឆ្នាំ១៩៩០ មកម្ល៉េះ មុនវិវត្តន៍ធ្វើជាគ្រូបង្វឹករបស់ក្រុមស៊ីម៉ាក់។ អ្វីដែលគួរឲ្យចងចាំ មុនក្រុមស៊ីម៉ាក់ ត្រូវរំសាយនៅដើមឆ្នាំ២០១៨ លោក កែវ សារិន បានបន្សល់នូវស្នាដៃល្អប្រសើរមួយ គឺការដឹកនាំក្រុមស៊ីម៉ាក់ ដណ្ដើមបានចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup កាលពីឆ្នាំ២០១៦៕