(ភ្នំពេញ)៖ ជំងឺរាតត្បាតសាកលកូវីដ១៩ បានផ្ទុះឡើងចាប់តាំងពីចុងឆ្នាំ២០១៩ ហើយបានអូសបន្លាយរហូតមកទល់នឹងបច្ចុប្បន្ន ដែលបានផ្តាច់ជីវិតមនុស្សជាង ២០ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងសរុប ទូទាំងពិភពលោកលើស ៣លាននាក់។ ជំងឺឆ្លងនេះ បានធ្វើឲ្យមនុស្សខ្លាចមនុស្ស មនុស្សត្រូវរស់នៅឃ្លាតឆ្ងាយពីគ្នា និងត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ កន្លែងធ្លាប់តែអ៊ូអរសប្បាយ ប្រែជាស្ងាត់ជ្រងំ។ ទន្ទឹមគ្នានេះ តារាចម្រៀងល្បីប្រចាំប្រទេស លោក ព្រាប សុវត្ថិ បានបញ្ចេញចម្រៀងថ្មីមួយបទ មានចំណងជើងថា «COVID រលាយទៅ» បង្កប់អត្ថន័យពីអ្វីដែលមនុស្សជាតិគ្រប់គ្នាកំពុងប្រឈម។

ជាការកត់សម្គាល់ មានសិល្បករ-សិល្បការិនីជាច្រើន បានបញ្ចេញបទចម្រៀងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងកូវី១៩ ប៉ុន្តែងាកមកចម្រៀងរបស់លោក ព្រាប សុវត្ថិ ពេលនេះហាក់មានអត្ថន័យប្លែកខុសពីតារាដទៃ ដោយបានបង្ហាញពីការខ្លាចរអារបស់មនុស្ស ក្នុងរដូវកាលកូវីដ។ ដោយក្នុងនោះ សូម្បីតែមនុស្សក៏ខ្លាចមនុស្ស និងមនុស្សដែលខ្លួនស្រឡាញ់ក៏មិនហ៊ានប៉ះពាល់ ព្រោះតែដើម្បីការពារ ការឆ្លងកូវីដ១៩នេះ។ ភាពព្រៃផ្សៃរបស់មេរោគកូវីដ១៩នេះ បានធ្វើឲ្យពិភពលោកប្រែពីស្រស់បំព្រង ទៅជាស្ងប់ស្ងាត់ ខណៈមនុស្សស្ថិតក្នុងផ្ទះរៀងៗខ្លួន ដើម្បីការពារខ្លួន។

តាមរយៈការបកស្រាយចម្រៀង «COVID រលាយទៅ» ពីសំណាក់លោក ព្រាប សុវត្ថិ ពេលនេះបានធ្វើឲ្យមហាជនពេញចិត្តជាខ្លាំង ក្រៅពីចាប់អារម្មណ៍នឹងអត្ថន័យហើយនោះ អ្នកគាំទ្រកោតសរសើរជាខ្លាំងនូវទឹកដមសំនៀងរបស់លោកក្នុងបទមួយនេះ ព្រោះខានស្តាប់លោកស្រែកច្រៀងបែបនេះឆ្នាំមកហើយ ដែលសំឡេងនេះស្រដៀងនឹងការច្រៀងបទ «ក្បត់ហួសទៅហើយ» របស់លោកដែលបញ្ចេញកាលពីប៉ុន្មានឆ្នាំមុន៕