(ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ Dailymail នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានបង្ហាញតម្លៃផ្ទេរខ្សែប្រយុទ្ធ Michy Batshuayi ប្រមាណ ៤០លានផោននៅក្នុងទីផ្សារដោះដូររដូវក្តៅខាងមុខ ស្របពេលមានក្រុមរួមលីគ Premier League ញញួធំ West Ham United បានចាប់អារម្មណ៍លើរូបគេ។

Chelsea បានបង្ហាញតម្លៃផ្ទេរចេញចំពោះកីឡាករវ័យ ២៦ឆ្នាំសញ្ជាតិប៊ែលហ្ស៊ិកខាងលើនេះ បន្ទាប់ពីរូបគេធ្លាក់ទម្រង់លេងជាខ្លាំង ក្រោមការដឹកនាំដោយលោក Frank Lampard រដូវកាលនេះ ដោយទើបរកបានតែ ១គ្រាប់ប៉ុណ្ណោះ ក្នុង ចំណោម ១៦ប្រកួត ក្រោយត្រឡប់ពីការខ្ចីជើងរបស់ក្រុម Crystal Palace និង Valencia នៃរដូវកាល ២០១៨-២០១៩។

Batshuayi នឹងផុតកំណត់កិច្ចសន្យាជាមួយតោខៀវនៅឆ្នាំ២០២១ ខណៈកីឡាករូបនេះបានចូលមកកាន់ទឺកដី Stamford Brideg តាំងពីឆ្នាំ២០១៦ ក្នុងតម្លៃប្រមាណ ៣៣លានផោន ហើយ West Ham កំពុងចាប់អារម្មណ៍ ដើម្បីនាំយកមកពង្រឹងតំបន់ប្រយុទ្ធនារដូវកាលក្រោយ៕