(ភ្នំពេញ)៖ តារាសម្តែងស្រីវ័យក្មេង ដែលតែងតែលេចមុខក្នុងខ្សែភាពយន្តដុំ និងភាគជាហូរហែកញ្ញា ពីង រូហ្សា បានទទួលមរណភាពទាំងវ័យក្មេង នៅព្រឹកថ្ងៃទី០១ ខែឧសភា នេះ។ ការទទួលមរណភាពរបស់តារាសម្តែងរូបនេះ បានធ្វើឲ្យមហាជន និងអ្នកក្នុងចង្កោមសិល្បៈមានភាពស្រឡាំងកាំងជាខ្លាំង សឹងតែនឹកស្មានមិនដល់។

បើតាមបណ្តាញសង្គមរបស់ តារាចម្រៀង និងជាតារាសម្តែង ព្រីម មន្ថា បានឲ្យដឹងថា «ប្អូនស្រី​ភ​ក្រ័ ហៅ​អា​ស្រស់ គាត់​បាន​បាត់បង់​ជីវិត​ហើយ​ព្រឹក​មិ​ញ​នេះ ហើយ​ពេល​នេះ​សព​តម្កល់នៅ​វត្ត​នាគ​វ​ន័ បង​សូម​ឱ្យ​ប្អូនស្រី​ទៅ​ឱ្យ​បាន​សុខ​ស្ងប់​ចុះ ប្អូនស្រី​ជា​មនុស្ស​ល្អ​ណាស់ ធ្វើបុណ្យ​ក៏​បាន​ច្រើន ប្អូនស្រី​អស់កម្ម​ហើយ​ទៅ​ឱ្យ​បាន​សុខ​ចុះ កើត​ជាតិ​ក្រោយ​កុំឱ្យ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​។ ទោះបី​យើង​មិនមែន​ជា​បងប្អូន តែ​យើង​ស្រលាញ់​គ្នា​ដូច​បងប្អូន​ចឹ​ង​បង​ស្តាយ​ដែល​ជួយ​ប្អូន​យឺត​ពេល បើ​ជួយ​ទាន់​ពេល​ប្អូន​ក៏​មិន​បាត់បង់​ជីវិត​ដែរ សុំ​ទៅ​ឱ្យ​សុខ​ចុះ​»​។

ជាមួយគ្នានោះ មានអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខកញ្ញា ពីង រូហ្សា ជាបន្តបន្ទាប់ ក្នុងនោះអ្នកនាង នៅ សូនីតា ក៏បានបង្ហោះសារយ៉ាងដូច្នេះថា «ចូលរួមរំលែកទុក្ខផង​ Ping Roza. មិនគួរលឿនយ៉ាងនេះសោះ»

គួរបញ្ជាក់ថា តារាសម្តែងពីង រូហ្សា បានទទួលមរណភាពក្នុងវ័យ ៣១ឆ្នាំ។ តាមប្រភពបានឲ្យដឹងថា នាងបានទៅសម្រាកព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ តែយ៉ាងណានៅតែមិនអាចសង្គ្រោះជីវិតរបស់នាងបាន។ បន្ថែមពីនេះ មូលហេតុពិតប្រាកដនៃការទទួលមរណភាពរបស់កញ្ញា ពីង រូហ្សា នៅមិនទាន់មានការបញ្ជាក់ឡើយ។

តែអ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺមុនទទួលមរណភាព កញ្ញា ពីង រូហ្សា បានបង្ហោះសារក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «លាហើយញាតិមិត្តបងប្អូនទាំងអស់គ្នា លាជារាងរហូតគ្មានថ្ងៃត្រលប់ ??? (RIP) goodbye forever all beloved friends»