(ភ្នំពេញ)៖ រំលឹកដល់នាវាខ្នាតយក្ស Westerdam គឺគេតែងតែនឹកឃើញនូវពាក្យមួយឃ្លាដែលលើកឡើងថា «កម្ពុជាតូចពិត តែចិត្តសប្បុរស»។ ព្រោះនាវាមួយនេះត្រូវបានប្រទេសចំនួន៤ និងកោះចំនួន២ បដិសេធមិនឱ្យចូលចតដោយសង្ស័យមានផ្ទុកជំងឺកូវីដ១៩ ប៉ុន្តែត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យចូលចតនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។ ហេតុនេះទើបមានការចងក្រងចេញជាចម្រៀងមួយបទ យ៉ាងពិរោះ និងមានអត្ថន័យ បកស្រាយដោយលោក ឆន សុវណ្ណរាជ ក្រោមចំណងជើងថា «តេជោ កម្ពុជា បេះដូងមនុស្សធម៌»។

បទចម្រៀងថ្មីនេះ មិនត្រឹមតែពិរោះរណ្តំចិត្ត ក្រោមការបកស្រាយរបស់លោក ឆន សុវណ្ណរាជ នោះទេ ប៉ុន្តែបានបង្កប់នូវអត្ថន័យ បង្ហាញពីសណ្តានចិត្តយ៉ាងធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានចិត្តសង្វេគ និងអាណិតអាសូរយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរជាង ២២០០នាក់ ដែលត្រូវបានជាប់នៅក្នុងនាវាទេសចរណ៍ដ៏ធំមួយ Westerdam ហើយសម្តេចថែមទាំងទទួលស្វាគមន៍អ្នកដំណើរទាំងអស់ដោយកក់ក្តៅផងដែរ។

«តេជោ កម្ពុជា បេះដូងមនុស្សធម៌» គឺជាស្នាដៃនិពន្ធបទភ្លេងថ្មីដោយ លោកគ្រូ ម៉ម សុគន្ធា, និពន្ធទំនុកច្រៀង ដោយ សុផាន់ តារាជឿន, ច្រៀងដោយ ឆន សុវណ្ណរាជ និងពោលដោយ ឈិន ម៉ានិច្ច៕