(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ បានសួរសុខទុក្ខ អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០០៣-២០០៨ និងអតីតវីរៈសិល្បករឆ្នាំ ក្នុងទសវត្សឆ្នាំ១៩៦០ និង១៩៧០ ដែលធ្លាប់និពន្ធបទចម្រៀងឲ្យអធិរាជសម្លេងមាសលោក ស៊ីន ស៊ីសាមុត គឺអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណ្ណារ៉ា សិរីវុឌ្ឍ ខណៈបច្ចុប្បន្ន អ្នកអង្គម្ចាស់ គឺមានវ័យចាស់ជរាខ្លាំងទៅហើយ។

យោងទៅលើគណនីហ្វេសប៊ុក របស់លោក ហេង ឡុង បានឲ្យដឹងថា «សួរសុខទុក្ខវ័យជរាអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណ្ណារ៉ា សិរីវុឌ្ឍ អតីត​រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០០៣-២០០៨ និងអតីតវីរៈសិល្បករឆ្នើមទសវត្ស ឆ្នាំ ១៩៦០ និង ១៩៧០ ធ្លាប់និពន្ធបទចម្រៀងឲ្យអធិរាជសម្លេងមាសលោក ស៊ីន ស៊ីសាមុត»

គួរឲ្យដឹងដែរថា អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណ្ណារ៉ា សិរីវុឌ្ឍ គឺជាបុត្ររបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សាម៉នម៉េត។ ទ្រង់ក៏ជាអ្នកចម្រៀង​ដែលមានឈ្មោះបោះសំឡេង មួយរូបផងដែរកាលពីអំឡុងទសវត្ស ឆ្នាំ ១៩៦០ និង១៩៧០។ អ្នកអង្គម្ចាស់បានចូលប្រឡូក្នុង វិស័យតន្រ្តីតាំងពីអំឡុងចុងទសវត្សឆ្នាំ ១៩៥០ ឬ ដើមទសវត្សឆ្នាំ ១៩៦០មកម្លេះ។ ក្រៅពីជាអ្នកចម្រៀង អ្នកអង្គម្ចាស់ក៏ជាតន្រ្តីករហ្គីតាផងដែរ។ បច្ចុប្បន្ន បទចម្រៀងរបស់អ្នកអង្គម្ចាស់ ដែលនៅសេសសល់មានតិចតួចប៉ុណ្ណោះដូចជាបទ «អានី» «បាត់អូន» «សម្ពាយកម្ម» និង «សោភ័ណមាសបង» ជាដើម៕