(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារចារកម្មកំពូលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រុមស៊ើបការណ៍សំងាត់អាមេរិកជឿជាក់ថា ជំងឺឆ្លង COVID-19 ដែលផ្ទុះឡើងដំបូងនៅទីក្រុងវូហាន ប្រទេសចិន មិនមែនត្រូវបានបង្កើតឡើងដោយដៃមនុស្ស ឬជាការកែប្រែហ្សែននោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។

ជុំវិញរឿងនេះ ការិយាល័យនាយកនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ដែលហៅកាត់ថា ODNI បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះយ៉ាងដូច្នេះថា «សហមគមស៊ើបការណ៍សំងាត់អាមេរិក បានយល់ស្របនឹងការមូលមតិគ្នាខាងវិទ្យាសាស្ត្រជាទូទៅ ដែលថាជំងឺ COVID-19 នេះ មិនត្រូវបានបង្កើតឡើងដោយមនុស្ស ឬជាការកែប្រែហ្សែននោះទេ»

ODNI បានបន្ថែមទៀតថា «សហគមស៊ើបការណ៍សំងាត់ នឹងបន្តពិនិត្យយ៉ាងហ្មត់ចត់លើព័ត៌មាន និងលទ្ធផលស៊ើបការណ៍ថ្មីៗដើម្បីកំណត់ថា តើការផ្ទុះនេះវាបានចាប់ផ្តើម តាមរយៈការទំនាក់ទំនងជាមួយសត្វដែលឆ្លង ឬមួយវាជាលទ្ធផលនៃគ្រោះថ្នាក់ដោយចៃដន្យ នៅក្នុងមន្ទីរពិសោធន៍ទីក្រុងវូហាន»

សេចក្តីថ្លែងការណ៍របស់ ODNI នេះ វាបានបង្ហាញពីភាពផ្ទុយគ្នានឹងទ្រឹស្តីគុបគិត ដែលបានលើកឡើងដោយសកម្មជននិយមប្រឆាំងចិន និងអ្នកគាំមួយចំនួនរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា អ្នកវិទ្យាសាស្ត្រចិនបានអភិវឌ្ឈន៍វីរុសនេះឡើង នៅក្នុងមន្ទីរពិសោធន៍អាវុធជីវសាស្ត្រមួយកន្លែង របស់រដ្ឋាភិបាល រួចមកក៏បានចាប់ផ្តើមសាយភាយចេញពីទីនោះមក។

ក្រោយការគូសបញ្ជាក់ ពីក្រុមស៊ើបការណ៍សម្ងាត់នេះ ប្រធានាធិបតីអាមេរិក បែរជាបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានាថា លោកសម្រេចចិត្តកាត់បន្ថយទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់លោក ក្នុងការស្រាវជ្រាវស្វែងរកប្រភពដើមនៃជំងឺ COVID-19 ហើយ ដោយលោកបានអះអាងថា សហរដ្ឋអាមេរិកទទួលបានភស្ភុតាងដែលបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីនេះ គឺលេចចេញពីមន្ទីរពិសោធន៍មួយនៅទីក្រុងវូហាន។

គួរជម្រាបថា នាពេលថ្មីៗនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនសង្គ្រាមពាក្យសំដីជាមួយប្រទេសចិន ជុំវិញការរីករាលដាលនៃជំងឺ COVID-19។ តួយ៉ាងដូចជាកាលពីថ្ងៃពុធសប្តាហ៍នេះជាដើម លោកបានចោទចិនថា មានចេតនាប្រើប្រាស់ COVID-19 ដើម្បីធ្វើយ៉ាងណាឲ្យលោកចាញ់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិចិ្ឆកាឆ្នាំ២០២០ ខាងមុខនេះ៕