(ភ្នំពេញ)៖ ខ្សែភាពយន្តអបរំខ្លីថ្មីមួយ កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន ដែលមានការចូលរួមសម្តែងដោយតារាស្រីកញ្ញា ឃុន ចាន់ម៉ូណា និងលោក ង៉ែត សុវណ្ណេត។ ភាពយន្តនោះ មានចំណងជើងថា «កញ្ចក់ឆ្លុះខ្ញុំ» ដែលបង្ហាញពីទុក្ខលំបាករបស់នារីម្នាក់ ក្រោយរៀបការរួច ត្រូវទទួលរ៉ាប់រងមើលថែកូន និងផ្ទះសំបែង ម្តាយក្មេកមិនពេញចិត្ត រហូតមានជំងឺផ្លូវចិត្ត។

ភាពយន្តមួយនេះ បានឆ្លុះបញ្ចាំងនូវការពិតមួយចំនួន ដែលមនុស្សបច្ចុប្បន្នកំពុងជួបប្រទះ។ ភាគច្រើនសំដៅទៅលើនារី ដែលរៀបការរួច ទៅរស់នៅជាមួយគ្រួសារខាងប្តី ត្រូវមើលថែកូន រៀបចំផ្ទះសំបែង ដូចពាក្យតែងនិយាយថា «ស្ត្រីដៃ១០០»។ ការងារផ្ទះហត់នឿយ ធ្វើហត់យ៉ាងណាក៏គ្មានអ្នកពេញចិត្ត បានធ្វើឲ្យកញ្ញា ឃុន ចាន់ម៉ូណា ដែលជាតួឯក ស្រីសម្តែងក្នុងរឿងនេះ មានចិត្តសង្វេគខ្លួនឯងជាខ្លាំង ត្បិតកាលពីមិនទាន់រៀបការ ខ្លួនជាមនុស្សមានការងារត្រឹមត្រូវ ក្នុងការិយាល័យ តែត្រូវឈប់ពីការងារ បោះបង់ចំណេះដឹង ដែលខ្លួនបានសិក្សា ដើម្បីឲ្យធ្វើជាស្ត្រីមេផ្ទះ ក្រោយរៀបការរួច។

ក្នុងនាមជាស្ត្រីមួយរូប ធ្វើការងារ១០០មុខក្នុងផ្ទះ និងគ្មានអ្នកពេញចិត្ត បានធ្វើឲ្យឃុន ចាន់ម៉ូណា ដែលសម្តែងជាប្រពន្ធរបស់លោក ង៉ែត សុវណ្ណេត មានជំងឺផ្លូវចិត្តទាំងមិនដឹងខ្លួន។ ភាពយន្តមួយនេះ គឺបានបង្ហាញពីការអប់រំជាច្រើនដល់មនុស្សក្នុងសង្គម មិនគួរយកគំរូតាមម្តាយក្មេក និងប្អូនថ្លៃរបស់ តួឯកស្រីឡើយ។ ពោលគឺចេះជួយគ្នាទៅវិញទៅមក និយាយស្តីឲ្យការគោរពស្រឡាញ់គ្នា ក្នុងនាមមនុស្សរស់ក្រោមដំបូលផ្ទះតែមួយ ទើបមានសុភមង្គល។

គួរជម្រាបថា ខ្សែភាពយន្តអប់រំខ្នាតខ្លីនេះ គឺជាស្នាដៃដឹងនាំសម្តែងដោយលោក ឆាយ វណ្ណៈ និងមានការចូលរួមសម្តែងដោយតារាប្រសស្រី ឃុន ចាន់ម៉ូណា និងលោក ង៉ែត សុវណ្តេត ព្រមទាំងតារាសម្តែងជាច្រើនរូបទៀត៕