(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលជ័យលាភី «ធីតាឯកសង្គ្រាន្តឆ្នាំ២០២០» និងមានឱកាសចូលរួមសម្តែងជាទេវតាឆ្នាំថ្មី ឆ្នាំ២០២០ មកកញ្ញា គីង វិច្ឆិកា ហាក់មានប្រជាប្រិយភាពយ៉ាងខ្លាំង។ ទៅណាមកណា ត្រូវបានមហាជនហៅថា ទេពធីតាៗ មិនដាច់ពីមាត់។ ទន្ទឹមគ្នានេះ ក៏មានបណ្តាក្រុមហ៊ុនទាក់ទងមកធ្វើការងារសិល្បៈជាហូរហែរផងដែរ។ យ៉ាងណាមិញ ក្រៅពីសិល្បៈ កញ្ញា គីង វិច្ឆិកា បានបង្ហើបថា បំណងនៅថ្ងៃអនាគតមួយទៀតនោះ គឺចង់ធ្វើជាប៉ូលីសស្រី។

ការលើកឡើងបែបនេះ ពីសំណាក់កញ្ញា គីង វិច្ឆិកា គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុង កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News និង Khmer Talking. ក្រៅពីមានប្រជាប្រិយភាពក្នុងសិល្បៈហើយនោះ កញ្ញា គីង វិច្ឆិកា គឺជានិសិ្សតម្នាក់កំពុងបន្តការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ។ ការប្រឡងជាប់ក្នុងកម្មវិធី «ធីកាឯកសង្រ្គាន្តឆ្នាំ២០២០» និងក្លាយជាម្ចាស់ជ័យលាភីលើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា បានធ្វើឲ្យនាងសម្រេចក្តីស្រម៉ៃតាំងពីក្មេង បានសម្តែងជា ទេវតាឆ្នាំថ្មី ឆ្នាំ២០២០។

កញ្ញា គីង វិច្ឆិកា បានឲ្យដឹងថា ក្នុងការប្រកួតគឺមាន៣ដំណាក់កាល ដំណាក់កាលទី១ ទទួលបានពានជ័យលាភីឯក ដើរម៉ូតស្អាត រហូតដល់ដំណាក់កាលបានពានជ័យលាភីលេខ១ ធីតាឯកសង្រ្កាន និងជាប់កុងត្រា ៣ឆ្នាំជាមួយក្រុមហ៊ុនប្រកួត។ កញ្ញាថា ពិតមានមោទនភាព និងមានកិត្តិយស ដែលក្លាយជាធីតាឯកក្នុងឆ្នាំថ្មី ២០២០ ដែលនេះជា បំណងតាំងពីក្មេងរបស់នាង។

ក្រោយទទួលបានជ័យលាភីហើយ សម្រាប់ការងារសិល្បៈ ត្រូវបានកញ្ញា គីង វិច្ឆិកា ថារីករាយនឹងទទួលគ្រប់ការងារទាំងអស់ មិនថាដើរម៉ូត ឬសម្តែងឡើយ។ យ៉ាងណាមិញ ហាក់ខុសប្លែកពីនារីភាគច្រើន តារាម៉ូដែលស្រី សម្រស់បាន គីង វិច្ឆិកា ស្រាប់តែបង្ហើបពីបំណងមួយទៀត គឺចង់ក្លាយជាប៉ូលីសស្រី។ ព្រោះតែយល់ថា ក្រោយបញ្ចប់ការសិក្សា ខ្លួនចង់ធ្វើការងារបម្រើប្រទេសជាតិ។ ម៉្យាងឪពុករបស់ខ្លួនធ្លាប់ធ្វើជាប៉ូលីស ហើយការងារនេះជាការងារដែលនាងស្រឡាញ់ផលនោះ។

គួរជម្រាបថា គីង វិច្ឆិកា គឺជាអ្នកមកពីរាជធានីភ្នំពេញ មានបងប្អូន៤នាក់ ស្រី៣ ប្រុស១។ យ៉ាងណាមិញ តាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា​ គីង វិច្ឆិកា មិននិយាយពាក់ព័ន្ធនឹងរឿងស្នេហាឡើយ ព្រោះគិតថាខ្លួននៅក្មេងមិនទាន់គិតពីរឿងនេះ៕