(ភ្នំពេញ)៖ អ្នកលេងគុនខ្មែឬ គង់ សំបូរ បានយកឈ្នះកីឡាករ ចាន់ ប៊ុនលាភ ដោយពិន្ទុជាលើកទី២ ក្នុងជំនួបសងសឹកលើសង្វៀនបាយ័នស្ទឹងមានជ័យកាលពីអាទិត្យកន្លងទៅ។ នេះគឺជាប្រកួតទី១០១ និងជាជ័យជម្នះលើកទី៧៥ របស់កីឡាករវ័យ ២៦ឆ្នាំខាងលើទៀតផង។

គង់ សំបូរ និង ចាន់ ប៊ុនលាភ ធ្លាប់ជួបគ្នាម្ដងរួចមកហយ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ហើយលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ទឹកពេញ សំបូរ បានទទួលជ័យជម្នះដោយពិន្ទុ។

សម្រាប់ជំនួបសងសឹកម្សិលមិញ អ្នកលេងគុនខ្មែរទាំងពីរបានបង្កើតការប្រកួតប្រជែងកាន់តែស្វិតស្វាញបន្ថែមទៀត ដោយបើកការប្រយុទ្ធតាំងពីទឹកទី១ រហូតដល់ទឹកទី៥ ក្នុងនោះគេឃើញ សំបូរ បានរក្សាការវាយកណ្ដាប់ដៃច្រើន និងវាយចំគោលដៅបានល្អ ដែលជាកត្ដាមានប្រៀប ដើម្បីទទួលជ័យជម្នះតែម្ដង។

គួរបញ្ជាក់ថា គង់ សំបូរ គឺជាកីឡាករគុនខ្មែរដ៏មានប្រជាប្រិយម្នាក់ ដែលមិនត្រឹមតែឧស្សាហ៍បានបង្ហាញវត្តមានលើសង្វៀនគុនខ្មែរនោះទេ គេថែមទាំងឧស្សាហ៍ត្រូវបានអញ្ជើញទៅប្រកួតនៅថៃទៀតផង។ មិនតែប៉ុណ្ណោះ ម្ចាស់ពានកម្មវិធីខ្មែរ Khmer Fight ឆ្នាំ២០១៩ ក៏ធ្លាប់បានចូលរួមប្រកួតលើសង្វៀនលំដាប់ពិភពលោក One Championship ផងដែរ៕