(ភ្នំពេញ)៖ ម្ដាយបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺអ្នកឧកញ៉ា ព្រឹទ្ធមហា​ឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៖១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ បានធ្វើឲ្យមហាជនគ្រប់ជាន់ថ្នាក់ បានសម្ដែងនូវក្ដីក្រៀមក្រំ សោកស្ដាយជាទីបំផុត ចំពោះការបាត់បង់នេះ។ ក្នុងនោះអ្នកសិល្បៈល្បីៗ ក៏បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់នេះ។

ក្នុងនោះសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះនូវសាររំលែកទុក្ខថា «នាងខ្ញុំ និង​ក្រុម​គ្រួសារ ​សូម​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ចូលរួម​រំលែក​ទុក្ខ​ដ៏មហាក្រៀមក្រំ​ សោកស្ដាយ​អាឡោះអាល័យ​យ៉ាងក្រៃលែង​ និង​សូម​បួងសួង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ប្រទានពរ ជូនវិញ្ញាណក្ខន្ធ​លោកយាយជា​ទី​គោរព​ ​សូមទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​»។ ក្រៅពី អ្នកនាង ចន ច័ន្ទលក្ខិណា នៅមានអ្នកសិល្បៈល្បីៗជាច្រើនរូបទៀត មានដូចជា តារាសម្ដែង កញ្ញា នី មុន្នីនាថ, លោក គង់ វិសាល, តារាសម្ដែង កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន រួមមានតារាចម្រៀង និងសម្ដែងជាច្រើនរូបជាបន្តបន្ទាប់ទៀត។

គួរជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហា​ឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាម្ដាយបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងត្រូវជាម្ដាយក្មេករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបូជា​នូវកម្លាំងកាយចិត្ត និងបញ្ញាញាណ ក្នុងការចិញ្ចឹមបីបាច់បុត្រធីតារបស់មហាឧបាសិកា ចាប់តាំងពីប្រសូត្រពីផ្ទៃរហូតធំដឹងក្តី រហូតមាន​កេរ្តិ៍ឈ្មោះបោះសម្លេងក្នុង​សង្គម និងក្លាយជាគ្រួសារដែលប្រជាពលរដ្ឋកម្ពុជាទូទៅគោរពស្រឡាញ់ និងជាគ្រួសារមួយដែលតែងតែមានព្រហ្មវិហាធម៌ សណ្តោសប្រោះប្រណី ដល់មនុស្សផងទាំងពួង តាមរយៈកាយវិកា​ និងកិច្ចការមនុស្សធម៌ធ្វើបុណ្យចែកទាន និងកសាងនូវសមិទ្ធផលសង្គមជាច្រើន រាប់មិនអស់ ចាប់តាំងពីទីក្រុងរហូតដល់ទី​ជនបទ ឆ្ងាយដាច់ស្រយាល ដោយមិនប្រកាន់នូវវណ្ណៈ ពណ៌សម្បុរ និងនិន្នាការអ្វីទាំងអស់៕