(ភ្នំពេញ)៖ តារាសម្ដែងប្រុសរូបរាងសង្ហា លោក អេឡិច ចាន់ត្រា បានបង្ហាញពីអារម្មណ៍រំភើប និងមានមោទនភាពជាខ្លាំង ក្រោយពេលដែលខ្លួនទើបមានឱកាសគ្រងក្នុងឈុតសម្លៀកបំពាក់ បុរាណខ្មែរ ស្ថិតក្នុងសម័យលង្វែក ជាលើកទី១ ក្រោយ ប្រឡូកក្នុងវិថីសិល្បៈរាប់ឆ្នាំ។ ឈុតបុរាណដែលតារាសម្ដែងលោក អេឡិច ចាន់ត្រា បានគ្រងនោះ ត្រូវបានលោកបញ្ជាក់ថា ជាឈុតស្ថិតក្នុងសម័យលង្វែក ហៅថា «ឈុតមហាបុរស» ខណៈដែលឈុតស្រី ដែលគ្រងដោយកញ្ញា ឌួង ម៉ានិច មានឈ្មោះថា «រាជនីចតុមុខ»។
យោងទៅលើគណនីហ្វេសប៊ុក របស់តារាសម្ដែង លោក អេឡិច ចាន់ត្រា បានឲ្យដឹងថា «ខ្ញុំមានមោទនភាពខ្លាំងណាស់ ដែលកើតមកជាកូនខ្មែរ លើកទី១ ដែលខ្ញុំគ្រងសម្លៀកបំពាក់បែបបុរាណ បែបនេះស្រឡាញ់ខ្លាំងណាស់ (ឈុតស្រី) រាជនីចតុមុខ នេះគឺជាឈុតច្នៃមួយបែប នៅក្នុងរចនាបថចុងសម័យបាយ័ន ដើមសម័យចតុមុខ គ្រងដោយប្អូនស្រី ដួង ម៉ានិច។ ឈុតមហាបុរស នៅសម័យលង្វែក (ឈុតប្រុស) គ្រងដោយ ខ្ញុំបាទ អេឡិច ចាន់ត្រា»។
ជាមួយគ្នានេះ ស្ថិតក្នុងឈុតបុរាណខ្មែរ ក្នុងទឹកមុខមាំមួន ពោរពេញទៅដោយភាពរឹងមាំ បង្ហាញពីភាពខ្លាំងក្លារបស់បុព្វបុរសខ្មែរនាសម័យលង្វែក អេឡិច ចាន់ត្រា ពិតជាស្រស់សង្ហាយ៉ាងខ្លាំង និងទទួលបានការកោតសរសើរច្រើន ពីសំណាក់មហាជនអ្នកគាំទ្រ៕