(ម៉ាឌ្រីដ)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា សហព័ន្ធលីគបាល់ទាត់អេស្ប៉ាញ LaLiga គ្រោងបន្តការប្រកួតឡើងវិញនៅអំឡុងខែមិថុនាខាងមុខនេះ ក្រោយលីគនេះត្រូវបានផ្អាកជាបណ្តោះអាសន្នដោយវិបត្តិវីរុស COVID-19 កាលពីខែមីនាកន្លងមក។

សម្រាប់បណ្តាក្លិបមួយចំនួនបានត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញនៅសប្តាហ៍នេះ បន្ទាប់ពីសមាជិកក្លិបទាំងអស់បានធ្វើកិច្ចព្រមព្រៀងពីអាជ្ញាធរកីឡាអេស្ប៉ាញ និងក្រុមប្រឹក្សាសុខភាពដោយធ្វើឡើងក្នុងលក្ខណៈយកចិត្តទុកដាក់ធានាសុវត្ថិភាពដល់កីឡាករ និងបុគ្គលិកដោយត្រូវធ្វើតេស្តមុនពេលវិលទៅរកការហ្វឹកហាត់។

ការប្រកួតលីគ LaLiga ក្រុមដែលកំពុងឈរលើកំពូលតារាងនោះ គឺ FC Barcelona មាន ៥៨ពិន្ទុ នាំមុខ ២ពិន្ទុពីក្រុម Real Madrid ដែលមាន ៥៦ពិន្ទុ ក្នុងចំណោម ២០ក្រុមត្រូវប្រជែង ខណៈការប្រកួតប្រជែងនេះនៅសល់ ១១ប្រកួតទៀតនឹងបញ្ចប់ទៅវិញសម្រាប់រដូវកាល ២០១៩-២០២០នេះ៕