(ក្រុងឡុងដ៍)៖ បណ្តាក្រុមគ្រូពេទ្យនៅ Premier League បានសំដែងក្តីព្រួយបារម្ភជុំវិញលីគកំពូលអង់គ្លេសមួយនេះ វិលត្រឡប់មកប្រកួតវិញឆាប់ៗនេះ នៅពេលដែលបញ្ហាជំងឺ COVID-19 នៅពុំទាន់គ្រប់គ្រងបាននៅឡើយ។

តាមគម្រោងលីគកំពូលអង់គ្លេស Premier League គ្រោងចាប់ផ្តើមដ៏លឿនបំផុតនាថ្ងៃទី០៨ ខែមិថុនាខាងមុខនេះ ស្របពេលដែលក្លិបមួយចំនួនបានបើកទីលានហ្វឹកហាត់ឡើងវិញផងដែរ ក្រោយត្រូវបានសម្រាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៣ ខែមីនា ដោយលេងបាន ២៩ប្រកួត។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយគ្រូពេទ្យជាន់ខ្ពស់ ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «COVID-19 នៅតែអាចរាតត្បាតគ្រប់ពេល ប្រសិនបើមានកីឡាករណាម្នាក់មានផ្ទុកវីរុសនោះ តែអ្វីដែលសំខាន់ខ្លាចក្រែងតែមិន អាចគ្រប់គ្រងបាននៅអំឡុងពេលធ្វើតេស្ត និងបែងចែកជាក្រុមតូចៗហ្វឹកហាត់តែម្តង»

ក្រុម Liverpool បានកំពុងតែនាំមុខដាច់ ២៥ពិន្ទុពីក្រុមលេខ២ Manchester City ដែលជាក្រុមការពារជើងឯក ដែលតម្រូវឲ្យហង្សក្រហមត្រូវការជ័យជម្នះតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៩ប្រកួតដែលនៅសល់ ដើម្បីលើកពាន Premier League រដូវកាលឆ្នាំ២០១៩-២០២០ នេះតែម្តង ក្រោយខកខាន ៤០ឆ្នាំមកនេះ៕