(ភ្នំពេញ)៖ ការទទួលមរណភាពរបស់លោកសាស្ត្រាចារ្យ ព្រឿង ព្រូន ដែលត្រូវបានគេចាត់ទុក ជាវីរៈសិល្បករបុរាណពិណពាទ្យ បានធ្វើឲ្យអ្នកសិល្បៈផ្នែកតន្រ្តី និងរបាំបុរាណខ្មែរគ្រប់រូប សម្តែងនូវការសោកស្តាយជាខ្លាំង។ ព្រោះការបាត់បង់រូបលោក គឺជាការបាត់បង់នូវវីរៈសិល្បករឆ្នើម ផ្នែកតន្រ្តីពិណពាទ្យមួយរូប ដែលអ្នកសិល្បៈជំនាន់គោរពសរសើរ។

ជាក់ស្តែងក្នុងបណ្តាញសង្គមរបស់អ្នកគ្រូ Vuth Chanmoly ដែលជានាដការីរបាំបុរាណ បានសរសេរថា «អ៊ុំ គឺជាអ្នកភ្លេងដ៏ល្បីនៅក្នុងព្រះបរមរាជវាំងផ្នែកដំដររបាំ មហោរី ភ្លេងការ៕ល៕ ដែលមានចំណេះ ពេលនេះកម្ពុជាបានបាត់បង់ធនធានម្នាក់ទៀតហើយ»

ដោយឡែកងាកមកផេក «សិល្បៈវប្បធម៌ខ្មែរ» វិញក៏បង្ហោះសារមិនខុសពីអ្នកគ្រូ Vuth Chanmoly ដែរ ដោយលើកឡើងថា «យើងទាំងអស់គ្នា ពិតជា​មានសេចក្តី​តក់ស្លុត​ជាទីបំផុត ចំពោះការបាត់បង់នូវវីរសិល្បករបុរាណពិណពាទ្យ លោកសាស្ត្រចារ្យ ព្រឿង ព្រួន ដ៏ឆ្នើមមួយរូប ដែលជាការបាត់បង់មួយយ៉ាងធំធេងជាទីបំផុត ការបែកនេះ គឺបែកជារៀងរហូតគ្មានថ្ងៃណាឬវេលាណាជួបទៀតឡើយ សូមលោកគ្រូទៅកាន់សុគតិភព លោកសាស្រ្តាចារ្យ ព្រឿង ព្រូន តន្ត្រី​ករពិណពាទ្យព្រះរាជទ្រព្យ ប្រចាំព្រះបរមរាជវាំង»

គួរជម្រាបថា លោកសាស្រ្តាចារ្យ ព្រឿង ព្រូន បានទទួលមរណភាពនៅថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។ ការទទួលមរណភាពរបស់លោក មិនត្រូវបានបញ្ជាក់ដោយសារជំងឺអ្វីឡើយ។ ទោះយ៉ាងណាក្តី កូនខ្មែរជាច្រើន ជាពិសេសសិល្បករបុរាណ បានបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកគ្រូព្រឹទ្ធាចារ្យ ព្រឿង ព្រូន អញ្ជើញទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕