(ចិន)៖ ពិធីបុណ្យដង្ហែរគោមអន្តរជាតិហ្ស៊ីជុងដាយណូស័រលើកទី ២៦ បានបើកដំណើរការសារជាថ្មីកាលពីថ្ងៃទី ៣០ ខែមេសានៅក្នុងទីក្រុងហ្ស៊ីជុងភូមិភាគនិរតីប្រទេសចិន។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

អ្នកស្រុកទាំងអស់បានចូលរួមរីករាយឆ្លងកាត់នឹងទំនៀមទម្លាប់ពិធីបុណ្យ នៃការបង្ហោះគោមនារដូវបុណ្យនិទាឃរដូវនេះ ដែលមានដើមកំណើតតាំងពីរាជវង្សថាំង (៦១៨-៩០៧) និងរាជវង្សមីង (១៣៦៨-១៦៤៤)។

ក្នុងពិធីបុណ្យពិព័រណ៍គោមដ៏វិសេសវិសាលនេះគោមយក្សប្រមាណជាង ២០០ ត្រូវបានដាក់បំភ្លឺតម្រៀបគ្នាក្នុងទីក្រុង ដើម្បីជាកិច្ចស្វាគមន៍សម្រាប់ពិធីបុណ្យចូលឆ្នាំ ដែលនឹងនាំក្តីសង្ឃឹមថ្មីសម្រាប់ពិភពលោក ដើម្បីទទួលបានជ័យជម្នះនឹងការរីករាតត្បាតនៃជម្ងឺវីរុសកូវីដ១៩ នេះ។

វាត្រូវបានគេឲ្យឈ្មោះថាជា «ពិធីបុណ្យបង្ហោះគោមតាមបែបប្រពៃណីដ៏ល្អបំផុតនៅលើពិភពលោក»។ ប៉ុន្តែដោយសារតែ​ការរីករាលដាលនៃជម្ងឺវីរុសកូវីដ១៩ ព្រឹត្តិការណ៍ពិធីបុណ្យនាឱកាសវិស្សមកាលនិទាឃរដូវ ត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន៕