(ចិន)៖ កូនសត្វស្វាភ្លោះប្រភេទពូជបារាំងដំបូងគេបង្អស់ក្នុងពិភពលោក បានសម្របខ្លួនយ៉ាងល្អក្នុងការរស់នៅជាក្រុមក្នុងឧទ្យានមួយ នៃខេត្តក្វាងទុង ក្នុងប្រទេសចិនភាគខាងត្បូង ព្រមទាំងបានទទួលបានការចូលរួមទស្សនាពីសំណាក់ភ្ញៀវទេសចរណ៌ជាច្រើន ក្នុងឱកាសឈប់សម្រាកនារដូវបុណ្យនិទាឃរដូវនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។

កូនស្វាភ្លោះមួយគូនាពេលនេះត្រូវបានទទួលការថែទាំស្ថិត ក្រោមការការពាររបស់រដ្ឋថ្នាក់ជាន់ខ្ពស់នៅក្នុងប្រទេសចិន។ ពួកគេ​បានចាប់កំណើតនៅក្នុងឧទ្យានសាហ្វារីជឹមឡុង នៃទីក្រុងក្វាងចូវ ដែលត្រូវជារដ្ឋធានីនៃខេត្តក្វាងទុង កាលពីខែមេសាកន្លងទៅ។

ពូជស្វាប្រភេទនេះចាប់កំណើតឡើងដោយមានរោមពណ៌ទឹកក្រូច រួចត្រូវប្រែក្លាយទៅជាពណ៌ខ្មៅទាំងស្រុងវិញ។ លោកស្រី ចេនស៊ាងស៊ាង ជាអ្នកបង្កាត់ពូជសត្វដោយផ្ទាល់បានឲ្យដឹងថា ពួកគេទាំងពីរបានចាប់ផ្តើមរស់នៅជាក្រុមនារយៈកាល ២ខែកន្លងទៅនេះ ដោយអាចសម្របខ្លួនបានយ៉ាងល្អទៅនឹងបរិយាកាសថ្មី។

កូនសត្វស្វាភ្លោះទាំងពីរមានឈ្មោះថាឈីឈី និងម៉ីម៉ី។ ពួកគេក៏អាចចាប់ផ្តើមធ្វើដំណើរបានដោយខ្លួនឯងទៀតផង។ បើទោះស្លឹកឈើ​ជាអាហារចម្បងរបស់ពួកគេក្ដី ប៉ុន្តែពួកគេនឹងនៅតែបន្តប្រើប្រាស់ការបំបៅដោយទឹកដោះពីម្ដាយ រហូតដល់គម្រប់អាយុមួយឆ្នាំ។ បច្ចុប្បន្ន​ឈីឈីមានទម្ងន់ ១,៥ គីឡូក្រាមនិងម៉ីម៉ីមានទម្ងន់ ១,៦ គីឡូក្រាម៕