(ភ្នំពេញ)៖ សមាគមសិល្បៈសុវណ្ណភូមិ ដែលត្រូវបានបង្កើតឡើងអស់រយៈពេល ២៦ឆ្នាំ មកហើយនោះ នឹងត្រូវបិទទ្វារ ដោយសារអស់លិទ្ធភាពក្នុងការជួលកន្លែង ត្បិតពេលនេះរកចំណូលមិនបានដោយសារកូវីដ១៩។ រោងល្ខោនសុវណ្ណភូមិ ដែលមានទីតាំងនៅរាជធានីភ្នំពេ​ញ និងមានតែមួយគត់នៅកម្ពុជា គឺជាផ្នែកមួយ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ទៅកាន់ភ្ញៀវជាតិ-អន្តរជាតិ ព្រោះមានការសម្តែងល្ខោនស្បែករបស់ខ្មែរ ជារៀងរាល់ថ្ងៃចុងសប្តាហ៍។

ទាំងសិល្បករដែលកំពុងបំពេញការងារសម្តែង និងអតីតសិល្បករ បានសម្តែងការសោកស្តាយជាខ្លាំង ពេលទទួលដំណឹងថា រោងល្ខោនមួយនេះនឹងត្រូវបិទទ្វារនៅពេលឆាបៗខាងមុខ។ ដោយក្នុងនោះផេកផ្លូវការរបស់ «សមាគមសិល្បៈសុវណ្ណភូមិ» បានជូនដំណឹងថា «ពេលនេះរោងល្ខោនសុវណ្ណភូមិបិទហើយ !!! សមាគមសិល្បៈសុវណ្ណភូមិ កើតក្នុងឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ អស់រយៈ២៦ ដោយស្រលាញ់និងថែរក្សាវប្បធម៌ដូនតា តែឥលូវមិនមានលទ្ធភាពថែបន្តទៀតបានទេ សមាគមសិល្បៈសុវណ្ណភូមិនឹងបិទរោងល្ខោនក្នុងពេលឆាប់ៗ»

ជាក់ស្តែង ក្នុងកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយក្រុមការងារ Fresh News និង Khmer Talking លោក ទេស សុខន ដែលជាអ្នករបាំបុរាណម្នាក់ និងជាអតីតសិល្បករធ្លាប់ចូលរួមសម្តែង ក្នុងរោងល្ខោន «សុវណ្ណភូមិ» បានថ្លែងថា លោកពិតជាមានអារម្មណ៍សោកស្តាយជាខ្លាំង ព្រោះរោងល្ខោន «សុវណ្ណភូមិ» ជារោងល្ខោនតែមួយគត់ក្នុងស្រុកខ្មែរ ដែលមានការសម្តែងល្ខោនស្បែក រាល់ថ្ងៃសុខ សៅរ៍ អាទិត្យ។ ប្រសិនបើ បាត់បង់រោងល្ខោននេះមួយ ប្រៀបបាននឹងខ្វះអ្វីម្យ៉ាង ក្នុងការចូលរួមផ្សព្វផ្សាយទម្រង់សិល្បៈវប្បធម៌របស់ខ្មែរ ដែលដូនតាបានបន្សល់ទុកឲ្យ ទៅកាន់សាធារណៈជន។ និយាយរួមទៅ ប្រៀបបាននឹងការបាត់បង់ដៃស្តាំ ដៃឆ្វេង ឬក៏បាត់បងប្អូន ត្រូវឃ្លាតឆ្ងាយពីគ្នាយ៉ាងដូច្នោះឯង។

លោកបន្តថា បើតាមដឹង រោងល្ខោននេះនឹងត្រូវបិទទ្វារ គឺដោយសារតែខាងសមាគមសិល្បៈសុវណ្ណភូមិ គ្មានលិទ្ធភាពសម្រាប់ការជួលទីតាំង ម្យ៉ាងចាប់តាំងពីកូវីដ១៩ចូលមក ផ្អាក់ការសម្តែង គឺបាត់បង់ចំណូលតែម្តង។ លោក ទេស សុខន ថា តាមពិតទៅមានការខ្វះខាតលិទ្ធភាពយូរមកហើយដែរ ប៉ុន្តែខាងសមាគមចេះតែទ្រាំ និងខិតខំបន្តទៅមុខទៀត ព្រោះតែស្រឡាញ់ និងចង់ផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ប៉ុន្តែពេលនេះអាចនិយាយបានថា ខិតខំអស់ពីលិទ្ធភាពហើយ បានសម្រេចប្រកាសថា នឹងបិទទ្វារនាពេលខាងមុខ។

យ៉ាងណាមិញ នេះគ្រាន់តែជាការប្រកាសពីខាងសមាគមសិល្បៈសុវណ្ណភូមិ ពីគម្រោងនៃការបិទរោងល្ខោនប៉ុណ្ណោះ មិនទាន់មានការបិទទាំងស្រុងទេ។ តែយ៉ាងណា បងប្អូនខ្មែរ និងសិល្បករ សុទ្ធតែបង្ហាញពីទឹកចិត្តស្រឡាញ់ និងមិនចង់ឲ្យរោងល្ខោនមួយនេះ បិទទ្វារឡើយ ដោយហេតុថា រោងល្ខោននេះ ជាផ្នែកដ៏សំខាន់មួយ ក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ជាពិសេសផ្សព្វផ្សាយល្ខោ ឭនស្បែក ដែលដូចតាបានបន្សល់ទុកឲ្យ ទៅកាន់ក្មេងៗជំនាន់ក្រោយ និងភ្ញៀវទេសចរណ៍បានស្គាល់៕

រូប ទេស សុខន