(ឡុងដ៍)៖ បណ្តាកីឡាករ-កីឡាការិនីនៅអង់គ្លេស និងស្កុតឡេន បានព្រមព្រៀងកាត់ប្រាក់ខែដើម្បីជួយមន្ទីរនៅអង់គ្លេស NHS ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លង COVID-19 ដែលពុំទាន់ធូរស្បើយនៅឡើយទូទាំងទ្វីបអឺរ៉ុប។

ប្រាក់ឧបត្ថម្ភទាំងនោះ ត្រូវបានប្រគល់ជូនដល់មូលនិធិ #PlayersTogether ដោយក្នុងនោះ ក៏មានកីឡាករដែលលេងនៅ Premier League ទៀតផង បន្ថែមពីលើក្រុមបាល់ទាតនារីអង់គ្លេស ដែលទើបប្រកាស ឧបត្ថម្ភប្រាក់ពលកម្មរបស់ខ្លួនកាលពីខែមុនផងដែរ នេះបើយោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះ។

ទន្ទឹមគ្នានោះដែរ មូលនិធិសម្រាប់កីឡាករអង់គ្លេសដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក៏បានធ្វើការឧបត្ថម្ភនូវ ទឹកប្រាក់ចំនួន ៥លានផោនដល់មូលនិធិខាងលើផងដែរ និងលុយដែលបានពីការលក់សំបុត្រពីការប្រកួតនានារបស់ក្រុមអង់គ្លេសដែលមានចំនួន ១៦ប្រកួតមកហើយនោះ គិតចាប់ក្រោយបញ្ចប់ FIFA World Cup 2018 ក៏ត្រូវបានយកទៅឧបត្ថម្ភដល់ #PlayerTogether ដូចគ្នា៕