(បាសេឡូណា)៖ លោក Quique Setien អ្នកចាត់ការទូទៅក្លិប FC Barcelona មានក្តីរំពឹងចំពោះកីឡាករខ្សែប្រយុទ្ធ ថានឹងចូលទីលានហ្វឹកហាត់បានវិញ ក្រោយជាសះស្បើយពីបញ្ហារបួស ១០០%ហើយនោះ ហើយសង្ឃឹមថា ទទួលបានកិច្ចសន្យាថ្មីបន្ថែមទៀតដែរ។

ប្រភពពី Marca បានចុះផ្សាយថា ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ Suarez នៅពុំទាន់ចូលហាត់ជុំគ្នាណាមួយជា មួយមិត្តរួមក្រុមនោះទេ នៅក្រោយពេលរូបគេជួបបញ្ហារបួសជិត ៣ខែមកនេះ ស្របពេលកិច្ចសន្យាចាស់របស់គេនៅ Camp Nou ក៏ជិតអស់សុពលភាពផងនោះ។

ដូចគ្នានោះដែរ លោក Eder Sarabia ជំនួយការគ្រូបង្វឹកក៏បានលើកឡើងដែរថា «អ្វីៗមានភាពប្រសើរឡើងច្រើនហើយ ហើយក៏ដល់ពេលអតីតខ្សែប្រយុទ្ធ Liverpool វិលចូលទីលានវិញដែរ ជាមួយនឹងកិច្ចសន្យាថ្មីដ៏អស្ចារ្យថែមទៀតនៅទីនេះ»

កីឡាករពាក់លេខ៩ Luis Suarez ជាដៃគូប្រយុទ្ធជាមួយ Messi និង Antoine Griezmann និងជាមួយអតីត Neymar ដែលបានផ្ទេរទៅក្លិប Paris Saint-Germain ទៀតផងនាពេលកន្លងមក៕