(បរទេស)៖ ដោយសារតែមានការរីករាលដាលនៃកូវីដ១៩ នៅលើពិភពលោក បានធ្វើឲ្យមនុស្សម្នាអនុវត្តន៍វិធានការនៅផ្ទះ ដើម្បីការពារខ្លួនពីវីរុសដ៏កាចសាហាវនេះ។ គ្រប់គ្នាបានប្រើប្រាស់នូវវិធីសាស្ត្រផ្សេងៗ ក្នុងការប្រាស្រ័យទាក់ទងគ្នា អំឡុងពេលឃុំខ្លួននៅផ្ទះ។ ជាក់ស្តែងការសិក្សា គឺអនុវត្តន៍តាមប្រព័ន្ធអនឡាញជាដើម។ ទន្ទឹមគ្នានេះ Youtube បានរៀបចំកម្មវិធី ពិសេសមួយមានឈ្មោះថា «Dear Class of 2020» ដើម្បីអបអរសាទរដល់និសិ្សតដែលបានបញ្ចប់ការសិក្សា ដែលរៀបចំឡើង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅលើ Youtube Channel ផ្លូវការរបស់ Youtube ដែលមានឈ្មោះថា «YouTube Originals»។

BTS ដែលជាក្រុមចម្រៀង K-POP ដ៏ល្បីដ៏មានវត្តមានក្នុងកម្មវិធីនេះដែរ។ ក្រុមនេះ នឹងមានការថ្លែងសន្ទរកថា ដូចជាការសម្តែង តាមរយៈអនឡាញ បន្ទាប់កម្មវិធីជប់លៀង។ ហើយបុគ្គលល្បីៗជាច្រើនទៀត ដែលត្រូវបានគេកត់សម្គាល់ថានឹងឡើងសម្តែង ហើយថ្លែងសន្ទរកថា ជាបន្តបន្ទាប់នោះ មានដូចជា Lady Gaga, អតីតរដ្ឋលេខាធិកាអាមេរិក លោកស្រី Condoleezza Rice, ស្ថាបនិកក្រុមហ៊ុន Google លោក Sundar Pichai និងបុគ្គលល្បីជាច្រើនទៀត។

កម្មវិធីនេះ ក៏ត្រូវបានគេដឹងថា មានការថ្លែងសន្ទរកថាបើកកម្មវិធី ផ្ទាល់ខ្លួនដោយឡែកមួយ ពីសំណាក់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងលោកស្រី Michelle Obama ផងដែរ។

គួរជម្រាបថា កម្មវិធី «Dear Class of 2020» គឺធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់អ្នក ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២០នេះ អំឡុងពេលនៃការផ្ទុះឡើងនៃកូវីដ១៩ លើពិភពលោកក្តី។ ពួកគេសង្ឃឹមថា អ្នកដែលឡើងថ្លែងសន្ទរកថា និងការសម្តែងរបស់ក្រុមតារាល្បីៗ នឹងផ្តល់ជាកំលាំងចិត្តដល់អ្នកដែលបានបញ្ចប់ការសិក្សា៕