(លីវើភូល)៖ ក្លិបអង់គ្លេស Liverpool នឹងទទួលបានទឹកប្រាក់ចំនួន ១៧.៥លានផោន ប្រសិនបើក្លិប FC Barcelona ដាក់កីឡាករខ្សែប្រយុទ្ធ Philippe Coutinho ចូលលេងបាន ២៤ប្រកួតឡើងទៅ។

ក្រុមហង្សក្រហម Liverpool ដែលជិតលើកពាន Premier League រដូវកាលនេះ នឹងទទួលបានទឹកប្រាក់ ១៧.៥លានផោនដោយស្វ័យប្រវត្តិពី Barcelona នៅពេលខ្សែប្រយុទ្ធប្រេស៊ីលចូលលេងបាន ១០០ប្រកួតក្នុងក្លិបអេស្ប៉ាញ Barcelona ក្នុងកិច្ចសន្យាដែលបានព្រមព្រៀងកាលទិញពី Anfield កាលឆ្នាំ២០១៥ ក្នុងតម្លៃ ១២០លានអឺរ៉ូ។

បច្ចុប្បន្នកីឡាករវ័យ ២៦ឆ្នាំ Coutinho ចូលលេងបាន ៧៦ប្រកួតមកហើយនៅ Nou Camp នឹងខ្វះតែ ២៤ប្រកួតប៉ុណ្ណោះបង្រ្គប់បាន ១០០ប្រកួត ស្របពេល Barcelona មានបំណងយករូបគេមកពង្រឹងក្រុមវិញ ដោយសារតែក្លិបមិនអាចនាំចូលអ្នកផ្សេងក្នុងអំឡុងជួបវិបត្តិហិរញ្ញវត្ថុ ដោយសារវិបត្តិ COVID-19។

Philippe Coutinho នឹងត្រឡប់មកលេងឲ្យ FC Barcelona វិញនារដូវកាលក្រោយ បន្ទាប់ពីបញ្ចប់កិច្ចសន្យារយៈពេល ២រដូវកាលជាមួយក្លិប Bayern Munich របស់អាល្លឺម៉ង់៕